លោក Trump ៖ រុស្ស៊ី លួចយកផែនការផលិតមីស៊ីលដ៏ទំនើបរបស់អាមេរិក
បរទេស៖ ថ្លែងនៅក្នុងឪកាសនៃយុទ្ធនាការស្វែងរកការគាំទ្ររបស់ខ្លួននៅក្នុងរដ្ឋ New Hampshire កាលពីដើមសប្តាហ៍កន្លងទៅនេះ លោក Donald Trump បានអះអាងថា រុស្ស៊ីបានជោគជ័យយ៉ាងខ្លាំងនៅក្នុងកិច្ចការងារផលិតមីស៊ីលរបស់ខ្លួនក្រោយពេលបានលួចយកផែនការផលិតមីស៊ីលទំនើបៗរបស់អាមេរិក។
លោក Trump បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូថា បានលួចយកឯកសារសំងាត់ផលិតអាវុធទាំងនេះតាំងតែពីអាណត្តិដឹកនាំប្រទេសអាមេរិកដោយលោកប្រធានាធិបតី Barack Obama មកម្ល៉េះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខាងភាគីរដ្ឋាភិបាលទីក្រុងមូស្គូបានបដិសេធការលើកឡើងរបស់លោក Trump។
លោក Trump បានពោលបែបនេះថា ៖ក្រោមការដឹកនាំរបស់ខ្ញុំ យើងនឹងការពារប្រជាជនរបស់យើង ជាមួយនឹងប្រព័ន្ធការពារមីស៊ីលរបស់យើង ដែលមានសមត្ថភាពអាចបំផ្ទុះទាំងចិន រុស្ស៊ី និងមីស៊ីលអ៊ីរ៉ង់ ហើយបន្ថែមទៀតយើងនឹងមានអាវុធវាយលុកដែលមិនចាញ់នរណាឡើយ។
នៅពេលដែលត្រូវបានក្រុមអ្នកកាសែតសាកសួរអំពីការចោទប្រកាន់កាលពីថ្ងៃអង្គារនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា ប្រទេសរុស្ស៊ីមានសមត្ថភាពក្នុងការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបដោយខ្លួនឯង ហើយគ្មានប្រទេសណាមួយអាចចម្លងបានឡើយ។
គួរឲ្យដឹងដែរថា លោក Trump ក៏ធ្លាប់បានធ្វើការអះអាងស្រដៀងគ្នាទៅនឹងប្រទេសរុស្ស៊ីដែរកាលពីក្នុងឆ្នាំ២០២១ នៅពេលដែលលោកបានពិភាក្សាអំពីការធ្វើតេស្តរបស់ចិនលើមីស៊ីលមានល្បឿនលឿនជាងសំលេង ដែលជាប្រភេទអាវុធថ្មីទំនើប និងអាចវាយប្រហារចំគោលដៅច្បាស់ទៀតផង៕