Close

កម្ពុជា-ចិន​ បង្កើនទំនាក់ទំនងវិនិយោគកាន់តែជិតស្និទ្ធសំដៅជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានសម្ទុះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា-ចិន​ បង្កើនទំនាក់ទំនងវិនិយោគកាន់តែជិតស្និទ្ធសំដៅជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានសម្ទុះ កម្ពុជា-ចិន​ បង្កើនទំនាក់ទំនងវិនិយោគកាន់តែជិតស្និទ្ធសំដៅជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានសម្ទុះ

ទីក្រុងសិនជិន ប្រទេសចិន៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋ​មន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាកិច្ច​សហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកល (Global Logistic Alliance) តបតាមការអញ្ជើញរបស់លោកស្រី Sun Grace ប្រធានសម្ព័ន្ធ។

យ៉ាងណាមិញ វេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣នេះ ជាវេទិកាដែលប្រារព្ធ​ឡើងដើម្បីបង្កើនបណ្ដាញទំនាក់ទំនងជាមួយវិនិយោគិនចិន-កម្ពុជា លើវិស័យដឹកជញ្ជូន​ និងភស្ដុភារកម្ម ក្រោមការរៀបចំរបស់សម្ព័ន្ធភស្ដុភារកម្មសកលដែលជាសម្ព័ន្ធមានបណ្តាញ​ក្រុមហ៊ុនដឹកជញ្ជូនច្រើនជាង ៥០០០ មកពីជាង ១៧០ប្រទេស តភ្ជាប់កំពង់ផែធំៗជុំវិញ​ពិភព​លោក។

ក្នុងពិធីថ្លែងសុន្ទរកថាបើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីយុទ្ធសាស្រ្ត ទាក់ទាញវិនិយោគិនរបស់កម្ពុជា តាមរយៈការបង្ហាញអំពីសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រមាណ ៧%ជាប់គ្នា ក្នុងរយៈពេល២០ឆ្នាំ មុនស្ថាន​ភាពជំងឺ​កូវីដ១៩។ កម្ពុជាមានធនធានមនុស្សដែលមានវ័យក្រោម២៥ឆ្នាំ រហូតដល់ ៦០% ដែលសុទ្ធសឹង​ជាធនធានដ៏សំខាន់សម្រាប់កិច្ចការងារវិនិយោគរបស់ក្រុមហ៊ុនបណ្ដាក់ទុននៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីកត្តា៣ ដែលកំណត់ភាព​ជោគជ័យ ក្នុងការវិនិយោគ រួមមាន ទី១គឺ ទីតាំង ទី២ ធនធានមនុស្ស និងទី៣គឺ ទុនវិនិយោគ។

ដោយឡែក ដើម្បីឱ្យការវិនិយោគមួយជោគជ័យ កម្ពុជាបានត្រៀមរួចជាស្រេចនូវទីតាំង និងធនធានមនុស្សសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុន និងរង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិន ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងនោះទៀតសោត ច្បាប់ក៏ជាកត្តា​សំខាន់មួយក្នុងកិច្ចការងារវិនិយោគផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនពីផែនការយុទ្ធសាស្រ្តថ្មីៗរបស់កម្ពុជា រួមមាន ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលមាន១៧៤គម្រោង ជាមួយតម្លៃសរុបប្រមាណ ៥០ពាន់លានដុល្លារអាមេរិកក្នុងផែនការ។

បន្ថែមពីនេះ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌ រវាងប្រទេសទាំងពីរក៏ត្រូវបានជម្រាបជូនផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បង្ហាញនូវភាពរីករាយចំពោះកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងសកម្មជំរុញភាពរីកចម្រើន និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

អត្ថបទទាក់ទង