Close

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ​ នៅប្រទេសអារ៉ាប៊ីសាអូឌីត

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ​ នៅប្រទេសអារ៉ាប៊ីសាអូឌីត សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ​ នៅប្រទេសអារ៉ាប៊ីសាអូឌីត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ នេះ បានបន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញដំណើរពីរដ្ឋធានីប៉េកាំង ប្រទេសចិន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ​ នៅទីក្រុងរីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យដឹងថា ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះចៅអធិរាជគ្រប់គ្រងថែរក្សាការពារព្រះវិហារឥស្លាមដ៏ស័ក្តិសិទ្ធ ទាំងពីរ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជនជាដើម។

កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន៖ វិស័យពាណិជ្ជកម្ម និងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ ជាដើម។ កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវ ឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្ដីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ ២០២៤-២០២៨)។
គួរជម្រាបជូនថា អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនបរទេស មួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសជាសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ៕

អត្ថបទទាក់ទង