Close

ក្រសួងអប់រំ បន្តយកចិត្តទុកដាក់វាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង៣ ល្អរបស់សិស្សសម្រាប់ថ្នាក់ជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងអប់រំ បន្តយកចិត្តទុកដាក់វាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង៣ ល្អរបស់សិស្សសម្រាប់ថ្នាក់ជាតិ ក្រសួងអប់រំ បន្តយកចិត្តទុកដាក់វាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង៣ ល្អរបស់សិស្សសម្រាប់ថ្នាក់ជាតិ

សៀមរាប៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកកិច្ចប្រជុំមួយ ដើម្បីបូកសរុបវាយតម្លៃ ការអនុវត្តចលនាប្រឡងប្រណាំង៣ល្អ “ គឺកូនល្អ សិស្សល្អ មិត្តល្អ “ថ្នាក់ជាតិ ក្រោមប្រធានបទ”ការចាប់ផ្ដើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ដោយមានការចូលរួមពីយុវជននិងកុមារ ដែលទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ មកពីរាជធានីខេត្តទាំង២៥ ។

ក្នុងឱកាសកិច្ចប្រជុំនៅសណ្ឋាគាររីជិនស៊ីអង្គរ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងកម្មវិធីនយោបាយវិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រចតុកោណ បច្ចប្បន្នវិស័យអប់រំនេះ បាននឹងកំពុងមានការអភិវឌ្ឍគ្រប់ផ្នែក ដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅឲ្យមានជំនាញបច្ចេកទេស និង វិទ្យាសាស្ត្រខ្ពង់ខ្ពស់ ដោយធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ ពិសេស គឺផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍកម្លាំងយុវវ័យដែលជាកម្លាំងដ៏ខ្លាំងក្លា សម្រាប់បន្តវេនអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ននិងទៅអនាគត ។

ឯកឧត្តមបណ្ឌិត បន្ថែមថា ចលនា៣ល្អរបស់យុវជន និងកុមារ គឺជាចំណែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការចូលរួមការងារស្ម័គ្រចិត្ត កែប្រែសីលធម៌ និងឥរិយាបទរបស់យុវជន និង កុមារ ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្សនិងមូលធនមនុស្សរបស់សង្គម ក្នុងនោះផ្តើមចេញពីសកម្មភាពជំរុញចលនា ៣ល្អ កន្លងមកនេះ បានធ្វើឱ្យក្មួយៗយុវជន និងកុមារជាច្រើនចាប់អារម្មណ៍ និង បានផ្លាស់ប្តូរផ្នត់គំនិតនិងទម្លាប់ធ្វើការងារស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការងារ សង្គមប្រកបដោយមោទនភាពជាតិ និងការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្ត ភក្តិ គ្រួសារ និង សង្គមជាតិ ព្រមទាំងសង្វាតរៀនសូត្រផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក៏បានជំរុញឱ្យមន្រ្តី ថ្នាក់ដឹកនាំយុវជន និងកុមារគ្រប់ថ្នាក់ ពិសេស យុវជន និងកុមារ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ត្រូវខិតខំរិះរកវិធានការថ្មីៗព្រមទាំងបញ្ហាសំខាន់ៗដែលជាតម្រូវការពិតប្រាកដទាមទារឱ្យដោះស្រាយដើម្បី  ជំរុញចលនាប្រឡង ប្រណាំង៣ល្អ ឱ្យក្លាយជាចលនាមួយដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសមត្ថភាពយុវវ័យដែលជាផ្នែក មួយដ៏សំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់ គុណភាពអប់រំ ដោយផ្អែកតាមសសរស្តម្ភទាំង៤ នៃការអប់រំ គឺរៀនដើម្បីទទួលបានចំណេះដឹង , រៀនដើម្បីចំណេះធ្វើ , រៀនពីបទពិសោធន៍ , រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនរស់នៅជាមួយគ្នាដោយសុខសន្តិភាព ធ្វើការងារជាក្រុមស្រប ទៅតាមការវិវត្តរបស់សង្គមបែបប្រជាធិបតេយ្យមួយ ដែលមានវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសយើង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា “ ការធ្វើទំនើបកម្មសង្គមត្រូវផ្សារភ្ជាប់ទៅនឹងសីលធម៌ និងឥរិយាបទរបស់មនុស្ស ហើយនៅពេលយើងមានមនុស្សរឹងមាំយើងនិងមានអ្វីទាំងអស់ “ ផងដែរ ៕

អត្ថបទទាក់ទង