Close

ក្រសួងពាក់ព័ន្ធបន្តចុះត្រួតពិនិត្យស្ថានភាពផ្លូវរងគ្រោះដោយជំនន់ ដើម្បីបង្កើនសុវត្ថិភាពអ្នកដំណើរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងពាក់ព័ន្ធបន្តចុះត្រួតពិនិត្យស្ថានភាពផ្លូវរងគ្រោះដោយជំនន់ ដើម្បីបង្កើនសុវត្ថិភាពអ្នកដំណើរ ក្រសួងពាក់ព័ន្ធបន្តចុះត្រួតពិនិត្យស្ថានភាពផ្លូវរងគ្រោះដោយជំនន់ ដើម្បីបង្កើនសុវត្ថិភាពអ្នកដំណើរ

នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ តំណាងរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពផ្លូវរងគ្រោះដោយជំនន់ទឹកភ្លៀង និងរកដំណោះស្រាយបច្ចេកទេសក្នុងការរំដោះទឹក ដែលកំពុងបង្កការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៤៧ ដល់ ៥២ ស្ថិតក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងការចុះពិនិត្យស្ថានភាពផ្លូវនាពេលនោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ទៅខេត្តកំពត ឱ្យវាងតាមផ្លូវខេត្តលេខ១២២ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ ឬវាងតាមផ្លូវខេត្តលេខ១៤៣ ឆ្ពោះទៅផ្លូវជាតិលេខ៤១។

សម្រាប់ទិសដៅពីខេត្តកំពត ទៅរាជធានីភ្នំពេញ សូមវាងតាមផ្លូវខេត្តលេខ ១២២B ឆ្ពោះទៅ​ផ្លូវជាតិលេខ២ ឬវាងតាមផ្លូវខេត្តលេខ១៤៥ ឆ្ពោះទៅផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន រហូតដល់មានការជូនដំណឹងជាថ្មី និងសូមមេត្តាយោគយល់ អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។

នៅថ្ងៃដដែលនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានដឹកនាំមន្រ្តី​បច្ចេកទេស ចុះត្រួតពិនិត្យជាក់ស្តែងជំនន់ទឹកភ្លៀង និងសិក្សាពីលក្ខណៈបច្ចេកទេសក្នុងការរំដោះទឹក​ដែលជន់លិចតំបន់ផ្លូវជាតិលេខ៣ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនផងដែរថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះគឺចំតំបន់​ស្រុកគងពិសីតែម្តង ហើយជាពិសេសតំបន់នោះជាតំបន់ទំនាបមានការអភិវឌ្ឍខ្លាំង​ទាំងផ្នែករោងចក្រ​និងលំនៅឋានដែលបណ្តាលឱ្យមានការប្រែប្រួលគម្របដី។

ជាដំណោះស្រាយចំពោះមុខគឺអាជ្ញាធរត្រូវសហការជាមួយក្រសួង-ស្ថាប័នជំនាញដើម្បីកាយរំដោះមុខ​ទឹកឱ្យហូរធ្លាក់មកភូមិសាស្រ្តផ្នែកខាងក្រោមនៃខេត្តតាកែវ ដើម្បីឱ្យជំនន់ទឹកភ្លៀងឆាប់បានធូរស្រាល និងដើម្បីជៀសវាងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី ១៥ តុលា អំពីស្ថានភាពទឹកជំនន់លើផ្លូវជាតិលេខ៣ ដែលបង្កឡើងដោយទឹកភ្លៀងដែលធ្លាក់ជាប់គ្នាជាច្រើន​ថ្ងៃ។ ក្នុងនោះ​ អាជ្ញាធរក៏បានអំពាវដល់ពលរដ្ឋឱ្យប្រើប្រាស់ផ្លូវវាងជៀសវាងការគ្រោះថ្នាក់ជាយថាហេតុណាមួយក្នុងពេលធ្វើដំណើរ៕

អត្ថបទទាក់ទង