Close

គ.ជ.ប បើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរភាគីពាក់ព័ន្ធ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គ.ជ.ប បើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរភាគីពាក់ព័ន្ធ គ.ជ.ប បើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរភាគីពាក់ព័ន្ធ

កំពត ៖ នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោតនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារៈសំខាន់នៃការបោះឆ្នោតជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល នាយក នាយករងសាលា យុវជន និងអាជ្ញាធរភាគីពាក់ព័ន្ធ ក្នុងស្រុកឈូក ខេត្តកំពត ។

ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប  នាឱកាសចូលរួមវគ្គខាងលើនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានប្រសាសន៍ថា ការរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការ បោះឆ្នោតនេះឡើង  គឺក្នុងគោលបំណងទី១៖ គឺអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ជូនដល់ភាគីពាក់ព័ន្ធដែលជាក្រុមគោលដៅ ទី២៖ ប្រមូលធាតុចូលសំខាន់ៗ ពីគ្រប់ភាគីពាក់ព័ន្ធ និងសិក្សាអំពីបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត ទី៣៖ ដើម្បីធ្វើនវានុវត្តន៍លើកម្មវិធី និងប្រធានបទនៃវគ្គ ទី៤៖ បំផុសឱ្យមានការផ្សព្វផ្សាយបន្តដល់សាធារណជន ដែលមិនបានចូលរួម  និងទី៥៖ ផ្សព្វផ្សាយប្រភពព័ត៌មានដែលចេញដោយ គ.ជ.ប និង លធ.ខប (គេហ ទំព័រ,App,បណ្តាញសង្គម)។

នៅក្នុងវគ្គនេះ ឯកឧត្តម បានបង្ហាញអំពីសារៈសំខាន់នៃការបោះឆ្នោតជាច្រើនទៅកាន់ភាគីពាក់ព័ន្ធជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ឱ្យបានយល់ដឹងកាន់តែច្បាស់ពីលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការបោះឆ្នោត គឺជាផ្នែកមួយដ៏សំខាន់ ដែលអាចជួយឱ្យអ្នកបោះឆ្នោតជ្រើសរើសបានអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទៈរបស់ខ្លួន  ដោយសន្តិវិធីគ្មានការប្រើអំពើហិង្សា ធ្វើឱ្យអ្នកដឹកនាំមានការទទួលខុសត្រូវផ្ទាល់ចំពោះប្រជាពលរដ្ឋ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ អនុវត្តសិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ធានាការពារការប្រតិបត្តិសិទ្ធិសេរីភាពទាំងអស់របស់បុគ្គលគ្រប់ៗរូប អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ  ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣នេះ នឹងត្រូវបិទបញ្ចប់  នៅវេលាម៉ោង ៥ៈ៣០នាទី ល្ងាច ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៣នេះហើយ៕

អត្ថបទទាក់ទង