Close

ចេញពីការងារជាកម្មកររោងចក្រ បុរសម្នាក់សាកល្បងដាំល្ហុង ទទួលបានផលយ៉ាងគាប់ប្រសើរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ សង្គម
ចេញពីការងារជាកម្មកររោងចក្រ បុរសម្នាក់សាកល្បងដាំល្ហុង ទទួលបានផលយ៉ាងគាប់ប្រសើរ ចេញពីការងារជាកម្មកររោងចក្រ បុរសម្នាក់សាកល្បងដាំល្ហុង ទទួលបានផលយ៉ាងគាប់ប្រសើរ

ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ ដែលការងារភាគច្រើនត្រូវបានផ្អាកជាបណ្ដោះអាសន្ន វាបានបង្កការ​ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចប្រជាជននៅទូទាំងប្រទេស។ នៅកន្លែងការងារខ្លះត្រូវបង្ខំចិត្តកាត់បន្ថយបុគ្គលិក និងកន្លែងខ្លះទៀតឈានដល់ការបិទទ្វារជាដើម។

ដោយផលប៉ះពាល់ទាំងនេះ បុរសម្នាក់បានសម្រេចចិត្តចោលការងារជាកម្មកររោងចក្រ ដើម្បីមក​ប្រកបរបរដាំដំណាំនៅស្រុកកំណើតរបស់ខ្លួនវិញ។ មានដីចំនួនកន្លះហិកតា បុរសម្នាក់នេះសម្រេចចិត្តដាំដំណាំល្ហុង ពូជធំ ដែលប្រើសម្រាប់ធ្វើបន្លែ។

កសិករ ឡេង ម៉េត បានឱ្យដឹងថា៖ «ដាំដំបូងមានតែ ១០០ដើមទេ តែក្រោយមកដាំបានល្អទៅ ក៏ដាំបន្ថែមរហូតដល់ ៨០០ដើម។»

កសិកររូបនេះបានឱ្យដឹងទៀតថា ដាំដំណាំនេះគឺចំណេញច្រើន ព្រោះ លោកមិនសូវជាប្រើ​ជីសម្រាប់ដាក់ដំណាំនោះទេ ម្យ៉ាងទៀតដំណាំល្ហុងក៏មិនសូវត្រូវការទឹកជាប្រចាំនោះដែរ។

លោកបន្តថា៖ «ភាគច្រើន ខែប្រាំងខ្ញុំស្រោចមួយថ្ងៃម្ដង ឬជួនកាលដល់៣ថ្ងៃទើបស្រោចម្ដងក៏មាន ដល់ខែវស្សាគឺប្រើប្រាស់ទឹកភ្លៀងសុទ្ធ អីចឹងទៅយើងចំណាយអស់តិចមែនទែន។»

បើតាមការរៀបរាប់របស់លោក ដំណាំល្ហុងចំនួន ៨០០ដើមនេះ បានហុចផលឱ្យលោកជាទីគាប់ចិត្ត ដោយលោកអាចប្រមូលផលបានពី ៣ ទៅ៤តោនក្នុងមួយរដូវកាល។

សម្រាប់ទីផ្សារវិញ កសិកររូបនេះបានឱ្យដឹងថា ល្ហុងដែលខ្លួនដាំមានទីផ្សារល្អគួរសម ដោយភាគច្រើន គេទិញយកទៅធ្វើស៊ុប និងសម្រាប់បុកល្ហុងជាដើម។ ជាមធ្យម ល្ហុងដែលលោក ដាំមានទម្ងន់៥គីឡូក្រាមក្នុងមួយផ្លែ ហើយទិន្នផលដ៏ល្អទាំងនេះហើយ ដែលជំរុញឱ្យលោកមានទីផ្សារច្រើន។

ម្យ៉ាងទៀតលោកថា ល្ហុងទាំងនោះត្រូវបានដាំដុះ និងមើលថែដោយប្រើប្រាស់ជីសរីរាង្គ ដែលអាច​រាប់ទុកថាជាបន្លែសុវត្ថិភាព។

ក្នុងការដាំដុះវិញ លោក ឡេង ម៉េត បានរៀបរាប់ថា លោកប្រើប្រាស់គ្រាប់ពូជដោយខ្លួនឯង ពោលគឺយកគ្រាប់ល្ហុងមកបន្សុទ្ធដោយខ្លួនឯងតែម្ដង។ ទាំងការបណ្ដុះ និងទាំងការដាំគឺលោក ចំណាយពេល ២ខែ។

ចេញពីបទពិសោធលោកផ្ទាល់ លោកលើកទឹកចិត្តឱ្យកសិករផ្សេងទៀតសាកល្បងដាំដុះដំណាំមួយ​ប្រភេទនេះ​ ដែលមានភាពងាយស្រួល និងមានទីផ្សារខ្ពស់៕

អត្ថបទទាក់ទង