សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី មួយទៀត នឹងចេញជារូបរាងនាពេលខាងមុខ ជំនួសច្បាប់ចាស់ដែលមានលក្ខណៈខ្វះខាត
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យឆ្លង សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី) នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមន្ត្រីជំនាញ សមាជិកក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ជាច្រើនរូបទៀត។
បើតាមសម្ដេចក្រឡាហោម ស ខេង ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឆ្លងកាត់ដំណាក់កាលនៃការអនុវត្តជាបន្តបន្ទាប់ទៅតាមបរិបទនៃការប្រែប្រួលខាង សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា និងបានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនលើក។ សម្ដេចបន្ថែមថា ដោយសារការសិក្សាបានរកឃើញថា ច្បាប់កំពុងអនុវត្តជាធរមាននេះ មានមាត្រាត្រូវធ្វើវិសោធនកម្មច្រើន សម្ដេចបានស្នើប្រមុខរាជរដ្ឋាភិបាលព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ
ក្រុមការងារតាក់តែងច្បាប់ ដែលបាន រៀបចំកិច្ចប្រជុំជាច្រើនលើកច្រើនសារ ដើម្បីប្រមូលមតិយោល់ និងធាតុចូលសំខាន់ៗ រហូតឈានទៅសម្រេចបានសេចក្ដីព្រាងច្បាប់ក្នុងកម្រិតបឋម នៃដំណើរការបង្កើតច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ។
លោក តូច ចាន់កុសល បានថ្លែងថា ក្នុង ចំណោមខ្លឹមសារសំខាន់ៗនោះ សេចក្ដី ព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏ចែងអំពីការកំណត់ប្រភេទបទល្មើសចរាច រណ៍ច្បាស់លាស់ ដើម្បីឱ្យការអនុវត្តវត្តច្បាប់មានភាពប្រសើរឡើងដែរ។ លោកបន្តថា ក្រុមការងារតាក់តែងច្បាប់ បានបើកកិច្ចប្រជុំចំនួន២២លើក រហូតឈានទៅបង្កើតបាននូវសេចក្ដីព្រាងច្បាប់ថ្មីនាពេលនេះ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍លោក តូច ចាន់កុសល ស្ដីអំពីខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោករួចមក សម្ដេចក្រឡាហោម ស ខេង និងសមាជិកនៃកិច្ចប្រជុំ ក៏បានបន្តផ្លាស់ប្ដូរមតិយោបល់គ្នាលើខ្លឹមសារនីមួយៗនៃសេចក្ដីព្រាងច្បាប់នេះ ជាពិសេសខ្លឹមសារដែលត្រូវបានកែសម្រួលខុសពីមាត្រាចំនួន៤៨ នៃច្បាប់ដែលកំពុងនៅជាធរមាននៅឡើយ៕