Close

អាល្លឺម៉ង់ រួមចំណែកលើការគ្រប់គ្រងសំណល់ និងបច្ចេកទេសកែច្នៃសំណល់ឡើងវិញដល់កម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អាល្លឺម៉ង់ រួមចំណែកលើការគ្រប់គ្រងសំណល់ និងបច្ចេកទេសកែច្នៃសំណល់ឡើងវិញដល់កម្ពុជា អាល្លឺម៉ង់ រួមចំណែកលើការគ្រប់គ្រងសំណល់ និងបច្ចេកទេសកែច្នៃសំណល់ឡើងវិញដល់កម្ពុជា

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម Stefan Messerer ឯកអគ្គ​រដ្ឋទូត អាល្លឺម៉ង់ ប្រចាំនៅកម្ពុជាបានថ្លែងថា អាល្លឺម៉ង់នឹងរួមចំណែកក្នុងការពង្រឹងវិស័យបរិស្ថានលើការ​គ្រប់គ្រងសំណល់រឹង រាវ និងបច្ចេកទេសកែច្នៃសំណល់ទាំងនោះឡើងវិញ។

តាមរយៈការសហការនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានថ្លែងអំណរ​គុណចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ GIZ KfW និងសហការី ដែលបាន​យកចិត្ត​ទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន ទាំងក្នុងតំបន់ និងសកល ជាពិសេសការប្រែប្រួល​អាកាសធាតុ សេដ្ឋកិច្ចចក្រា និងការកាត់បន្ថយការ បំពុលដោយប្លាស្ទិក។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា បញ្ហាប្លាស្ទិកជាបញ្ហាចម្បងដែលក្រសួងបានដាក់ចេញ នៅកំឡុង នៃ១០០ថ្ងៃនៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់ឯកឧត្តម ហើយជាក់​ស្តែងក្រសួងក៏ទទួលបានជោគជ័យគួរជាទីមោទន ដោយមានសិស្សានុសិស្សជាង ១.៤លាននាក់​ចូលរួម។ ដែលការចូលរួមកន្លងទៅនេះ គូសបញ្ជាក់ពីភាពវិជ្ជមាននៃផ្លាស់ប្តូរឥរិយាបទរបស់យុវជនជំនាន់ក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ឈានឆ្ពោះទៅភាពស្អាត បៃតង ដោយចីរភាព។

ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានថ្លែងគាំទ្រទាំងស្រុង លើការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន និងបន្តគាំទ្រក្នុងភាពជាដៃគូ តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីរួមចំណែកក្នុងវិស័យបរិស្ថានដែល ជាបញ្ហាសកល ។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្ពុជា បានគាំទ្រលើគម្រោងការលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងក្នុងតំបន់អាស៊ាន ផលិតកម្មដោយ និរន្តរភាព (SCP) គម្រោង One Health នៅបឹងទន្លេសាប ការគ្រប់គ្រងធានធាន ធម្មជាតិ និងតំបន់ឆ្នេរ វិស័យកសិកម្ម ដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងសំណល់រឹង ៕

អត្ថបទទាក់ទង