Close

មន្ត្រីជំនាញជំរុញឱ្យសហគមន៍កាហ្វេមណ្ដលគិរី ពង្រឹងការដាំដុះប្រកបដោយគុណភាព ដើម្បីទាក់ទាញទីផ្សារ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ សង្គម
មន្ត្រីជំនាញជំរុញឱ្យសហគមន៍កាហ្វេមណ្ដលគិរី ពង្រឹងការដាំដុះប្រកបដោយគុណភាព ដើម្បីទាក់ទាញទីផ្សារ មន្ត្រីជំនាញជំរុញឱ្យសហគមន៍កាហ្វេមណ្ដលគិរី ពង្រឹងការដាំដុះប្រកបដោយគុណភាព ដើម្បីទាក់ទាញទីផ្សារ

មណ្ឌលគិរី ៖ មន្ត្រីជំនាញនៃខេត្តមណ្ឌលគិរី បានជំរុញឱ្យសហគមន៍កាហ្វេខេត្តពង្រឹងការដាំដុះប្រកបដោយគុណភាព និងបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីទាក់ទាញទីផ្សារ និងការគាំទ្របន្ថែមទៀត ព្រោះខេត្តមណ្ឌលគិរី គឺខេត្តមួយរបស់ប្រទេសកម្ពុជាត្រូវបានគេមើលឃើញមានសក្តានុពលលើការដាំដំណាំកាហ្វេសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

ការជំរុញរបស់មន្ត្រីរបស់ខេត្តមណ្ឌលគិរី នេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ រវាងក្រុមអ្នកផលិតកាហ្វេ និងក្រុមហ៊ុនខូហ្វី ជាអ្នកប្រមូលទិញផលិតផលកាហ្វេស្រស់ ដែលរៀបចំដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងមានការសហការជាមួយក្រុមហ៊ុនខូហ្វី និងអង្គការSNV ។

កិច្ចប្រជុំនេះក៏ការមានចូលរួមពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃន់ អូន អភិបាលរងក្រុងសែនមនោរម្យ តំណាងក្រុមហ៊ុនខូហ្វី និងតំណាងអង្គការSNV ដោពិភាក្សាប្រមូលធាតុចូលពីគ្រប់ភាគី ឈានទៅរៀបចំយកិច្ចសន្យាស្តីពីផលិតកម្ម កសិកម្មតាមកិច្ចសន្យាលើផលិតផលកាហ្វេស្រស់ ដែលបានបញ្ជាក់កាន់តែច្បាស់បន្ថែមទៀតនូវភាពជឿទុកចិត្តគ្នារវាង ក្រុមផលិត និង ក្រុមហ៊ុនប្រមូលទិញ។

នៅក្នុងកិច្ចប្រជុំនេះ លោក ឃន់ អូន អភិបាលរងក្រុងសែនមនោរម្យ បានធ្វើការណែនាំដល់សហគមន៍កាហ្វេក្នុងខេត្តមណ្ឌលគិរីថា ត្រូវយកចិត្តទុកដាក់ដាំដុះដំណាំកាហ្វេ ស្របតាមបច្ចេកទេស ដោយសហការជាមួយក្រុមហ៊ុន ឬអង្គការពាក់ព័ន្ធ ជាពិសេស គឺមន្ទីរកសិកម្ម សម្រាប់ការបំពេញបន្ថែមលើការងារដាំដុះដំណាំកាហ្វេឲ្យមានគុណភាពខ្ពស់។

លោកបញ្ជាក់ថា ៖« ថ្វីបើកាហ្វេខេត្តមណ្ឌលគិរី ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ប៉ុន្តែការផ្គត់ផ្គង់កាហ្វេរបស់ខេត្តមណ្ឌលគិរី មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារឡើយ។ ជាមួយគ្នានេះ ការស្វែងរកទីផ្សារទិញផលិតផល គឺជារឿងសំខាន់របស់អ្នកផលិត ប៉ុន្តែបើផលិតផលដែលត្រូវលក់ចេញគ្មានគុណភាព វាមិនត្រឹមតែធ្វើឲ្យតម្លៃលក់ចេញបានថោកនោះទេ កត្តានេះក៏ជះផលអវិជ្ជមានសម្រាប់កេរ្តិ៍ឈ្មោះផលិតផលក្នុងតំបន់ផងដែរ»។

នាឱកាសនោះដែរលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានថ្លែងថា ការរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងសំខាន់ៗរួមមាន ការធ្វើឲ្យមានខ្សែច្រង្វាក់ផលិតផលដំណាំកាហ្វេមានគុណភាពខ្ពស់តាមរយៈការចុះកិច្ចសន្យា និងផ្សព្វផ្សាយពីផលប្រយោជន៍ដល់សមាជិកក្រុមដាំដុះដំណាំកាហ្វេ ហើយប្រឹក្សាយោបល់រវាងក្រុមផលិតអ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម និងការគាំទ្រពីស្ថាប័នពាក់ព័ន្ធ  ហើយនិង ផ្ដល់ធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីរៀបចំផលិតកម្មកសិកម្មតាមកិច្ចសន្យាទៅលើដំណាំកាហ្វេ។

ប្រធានមន្ទីររូបនេះ  បន្ថែមថា បច្ចុប្បន្ននេះ ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរីកំពុងមានសក្តានុពល និងមានតម្រូវការខ្ពស់លើទីផ្សា ដោយសារខេត្តមណ្ឌលគិរី អំណោយផលដល់ការដាំដុះដំណាំកាហ្វេ និងមានអ្នកទទួលទានកាហ្វេកាន់តែមានចំនួនច្រើនឡើងៗ មិនថាតែនៅ រាជធានីភ្នំពេញ និងនៅតាមទីប្រជុំជន ក្នុងបណ្តាខេត្តផ្សេងៗនោះទេ។

លោក សុង ឃាង បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់សហគមន៍កសិកម្មលើការដាំដុះដំណាំកាហ្វេ ដែលនេះជាគោលនយោបាយមួយដើម្បីធ្វើឲ្យសហគមន៍កសិកម្មដាំដុះដំណាំកាហ្វេមានភាពរឹងមាំង មានគុណភាព និងមានទីផ្សារ»។

បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  លទ្ធផលនៃកិច្ចប្រជុំនេះ បានឯកភាពយកទីតាំងមន្ទីរកសិកម្ម ជាកន្លែងប្រមូលផ្ដុំផលិតផលកាហ្វេ ការទិញលក់កាហ្វេស្រស់ក្នុងកិច្ចសន្យា រយៈពេល ២ ឆ្នាំ និងការទិញលក់តម្លៃកាហ្វេស្រស់ ចំណាត់ថ្នាក់លេខ១ តម្លៃ ១.៩៥០៛/kg ចំណាត់ថ្នាក់លេខ២ តម្លៃ ១.៧៥០៛/kg និងចំណាត់ថ្នាក់លេខ ៣ តម្លៃ ១.៤៥០៛/kg៕

អត្ថបទទាក់ទង