Close

កូរ៉េខាងត្បូងព្រមានបញ្ចប់របបកូរ៉េខាងជើងប្រសិនបើហ៊ានផ្ទុះអាវុធនុយក្លេអ៊ែរ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូងព្រមានបញ្ចប់របបកូរ៉េខាងជើងប្រសិនបើហ៊ានផ្ទុះអាវុធនុយក្លេអ៊ែរ កូរ៉េខាងត្បូងព្រមានបញ្ចប់របបកូរ៉េខាងជើងប្រសិនបើហ៊ានផ្ទុះអាវុធនុយក្លេអ៊ែរ

បរទេស៖ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការព្រមានធ្ងន់ៗទៅកាន់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថា នឹងអាចមើលឃើញនូវការបញ្ចប់ទៅនៃរបបកុម្មុយនីសរបស់ខ្លួនប្រសិនបើហ៊ានបើកការវាយប្រហារណាមួយតាមរយៈអាវុធនុយក្លេអ៊ែរ។

សំដីដកស្រង់ចេញពីក្រសួងការពារជាតិកូរ៉េខាងត្បូងនោះបានអះអាងទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនក៏នឹងចូលរួមក្នុងការគាំទ្រផងដែរប្រសិនបើពិតជាមានហេតុការណ៍បែបនេះកើតឡើងមែននោះ។

គួរឲ្យដឹងដែរថា ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បានចេញសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃពុធម្សិលមិញ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ថ្មីៗនៅកូរ៉េខាងជើង និងជាពិសេសបន្ទាប់ពីមន្ត្រីកូរ៉េខាងជើងបានសន្យាថានឹងធ្វើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស និងការសរសេរគោលនយោបាយថ្មីនៅក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើងផង។

ក្រសួងការពារជាតិបានថ្លែងបែបនេះថា៖ យោធារបស់យើង រៀមខ្លួនរួចរាល់ ព្រមទាំងអាវុធផងដែរ ដោយមានកិច្ចសហការពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបយ៉ាងលើសលប់ចំពោះការវាយប្រហារណាមួយពីកូរ៉េខាងជើង ហើយប្រសិនបើកូរ៉េខាងជើងព្យាយាមប្រើប្រាស់នុយក្លេអ៊ែរ នោះច្បាស់ណាស់ពួកគេនឹងប្រឈមមុខនឹងការបញ្ចប់របបកុម្មុយនីសរបស់ខ្លួនជាមិនខាន។

សេចក្តីថ្លែងការណ៍ដដែលក៏បានបន្តនិយាយទៀតថា កងកម្លាំងយោធា និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ដោយលើកហេតុផលថា ប្រទេសនេះនឹងបានត្រឹមក្លាយខ្លួនកាន់តែឯកោបន្ថែមទៀតប៉ុណ្ណោះពីសហគមន៍អន្តរជាតិប្រសិនបើនៅតែបន្តឈរនៅលើយុទ្ធសាស្ត្របច្ចុប្បន្ន៕

អត្ថបទទាក់ទង