ឯកឧត្តម ឃួង ស្រេង : រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ
ភ្នំពេញ : រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ឡើយ ជាពិសេស ចាប់ពីនិរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ខណៈដែលតម្រាយផ្លូវនេះមានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមួយមានរង្វង់មូលលើអាកាស បាននឹងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ហើយបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមាន ប្រសាសន៍លើកឡើងថា កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់មានបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សគឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះចាប់ផ្តើមដំណើរការ កំណាត់ផ្លូវមួយនេះកាន់តែស្ទះខ្លាំងឡើងថែមទៀត។ ដូច្នេះហើយ ទើបជាបន្តបន្ទាប់មកនេះ អាជ្ញាធររាជធានីភ្នំពេញតែងតែប្រជុំពិភាក្សារកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេសនៅរង្វង់មូលក្បាលថ្នាល់ និងនៅមុខក្រសួងមហាផ្ទៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកកស្ទះចរាចរ នៅតែបន្តកើតមាន ហើយក៏នៅតែបន្តការដោះស្រាយ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើទោះបីការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះបានបញ្ចប់ ក៏ទីតាំងនេះនៅតែប្រឈមនៃការបញ្ហាកកស្ទះដដែរទេ ព្រោះតែលំហូរចរាចរណ៍ខ្លាំងពីផ្លូវជាតិលេខ១។ ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងណាស់ ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ២កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។ ក្រោយស្ពាន២នេះស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត។
ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា ជាជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍នៅចំណុចខាងលើនេះ ឯកឧត្ដមបានណែនាំឲ្យកម្លាំងមានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ខាតចំពោះរថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ជាពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើសេចក្តីជូនដំណឹងភ្លាម ដើម្បីអោយពួកគាត់ជ្រាបព័ត៌មាន និងបានវាងចេញពីតំបន់កកស្ទះនេះ។
ឯកឧត្ដម ឃួង ស្រេង បន្ថែមទៀតថា៖ ការសម្រួលក្បួន និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលឆ្លងកាត់តំបន់ខាងលើ ត្រូវតែធ្វើឡើងដោយភាពម៉ត់ចត់ ពោលគឺសម្រួលក្បួនជូនប្រមុខថ្នាក់ដឹកនាំបានល្អហើយ កាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាអ្នកដំណើរថែមទៀត ពិសេសក្បួនទៅផុត កងកម្លាំងមិនត្រូវដកកម្លាំងភ្លាមទេ គឺត្រូវសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋអោយទៅជាធម្មតាវិញ ទើបដកកម្លាំងចេញបាន៕