ស្វែងយល់ពីបច្ចេកទេសលាយល្បាយដីសម្រាប់ដាំដំណាំ
ដោយសារតែតម្រូវការស្បៀងមានការកើនឡើង ស្របពេលដែលចំនួនប្រជាជនក៏មានកំណើនដែរនោះ កសិករត្រូវតែមានភាពបត់បែនក្នុងការដាំដុះ ជាពិសេសស្វែងរកបច្ចេកទេសថ្មីៗសម្រាប់ការដាំដុះដែលអាចទទួលបានទិន្នផលច្រើនជាងមុន។
សម្រាប់ការដាំដុះដំណាំដើម្បីឱ្យលូតលាស់ល្អ ល្បាយដីគឺពិតជាសំខាន់ណាស់ ព្រោះដីដែលមានគុណភាពល្អ ជាចំណែកមួយដ៏ធំដែលធ្វើឱ្យដំណាំអាចស្រូបយកសារធាតុ ចិញ្ចឹមបានកាន់តែល្អផងដែរ។
ដោយឡែក ក្នុងការធ្វើល្បាយដីគឺមានវិធីសាស្ត្រច្រើន ក្នុងនោះការលាយដោយប្រើប្រាស់ធ្យូងអង្កាម ក៏ជាវិធីដ៏ពេញនិយមមួយផងដែរ។
បើតាមលោក នី ប៊ុនថា ដែលជាអ្នកបង្កើតមាតិកាចំណេះដឹងកសិកម្មបានឱ្យដឹងថា អង្កាមគឺមានអត្ថប្រយោជន៍ច្រើនចំពោះដំណាំ ដោយសារតែវាអាចរក្សាសំណើមដីបានយូរ ធ្វើឱ្យដីមានសភាពធូរ និងផុសល្អ។ គេត្រូវយកអង្កាមនោះទៅដុតដើម្បីឱ្យក្លាយជាធ្យូងតែម្ដង។ ក្នុងការដុតអង្កាមនេះដែរ លោក នី ប៊ុនថា បានរៀបរាប់ថា កសិករអាចកែច្នៃធុងដែកធ្វើជាបំពង់ បង្ហុយផ្សែង ជៀសវៀងការដុតជ្រុលពេកដែលធ្វើឱ្យអង្កាមក្លាយជាផេះ។
លោកបន្តថា៖ «ដើម្បីដុតអង្កាមឱ្យចេញជាធ្យូង យើងត្រូវការបំពង់បង្ហុយផ្សែងមួយ ដែលបងប្អូន អាចច្នៃដោយខ្លួនឯងបាន ហើយបំពង់នោះគឺសម្រាប់ដាក់គ្របពីលើភ្លើង កុំឱ្យមានកម្ដៅខ្លាំងពេក។ ដើម្បីឱ្យវាងំ និងសព្វល្អ យើងត្រូវកប់អង្កាមម្ដងបន្តិចៗ នៅជុំវិញបំពង់បង្ហុយផ្សែងនោះ»។
បន្ទាប់ពីបានអង្កាមធ្យូងរួចរាល់ហើយ កសិករខាងលើនេះបានឱ្យដឹងពីការលាយល្បាយដីសម្រាប់ដាំ ដំណាំថា៖ «ក្នុងការលាយគឺយើងប្រើល្បាយដីផ្ទៃខាងលើ ដែលជាដីក្រោមដើមឈើ ពោលគឺដីដែលពុកផុយចន្លោះពី ៣០% ទៅ៤០% និងប្រើប្រាស់ធ្យូងអង្កាម ២០ ទៅ ២៥%»។
ដើម្បីឱ្យដីកាន់តែផុស នឹងមានជីវជាតិល្អ លោកក៏បានណែនាំឱ្យកសិករប្រើប្រាស់ស្រកីដូងមដ្ឋចន្លោះពី ២០% ទៅ ២៥% ដើម្បីលាយធ្វើល្បាយដីផងដែរ។ ចំណុចដែលសំខាន់ដែរនោះ គឺការប្រើជីកំប៉ុស គោក។
សម្រាប់ជីកំប៉ុសគោគនេះដែរ លោកណែនាំឱ្យប្រើប្រាស់ជីលាមកជន្លេន ក្នុងបរិមាណពី ១៥% ទៅ ២០% នៃល្បាយដីសរុប។ បន្ទាប់ពីមានសារល្បាយទាំងនេះហើយ កសិករក៏អាចលាយវាចូលគ្នា ដោយធ្វើយ៉ាងណាឱ្យសព្វល្អ។
ការលាយល្បាយដីដែលសព្វល្អទៀតសោត លោកក៏បានចែករំលែកដែរថា កសិករគួរតែចាក់ល្បាយ ដីម្ដងមួយស្រទាប់ៗ ទើបងាយស្រួលក្នុងការច្របល់ចូលគ្នា។
ក្រោយលាយរួចរាល់ កសិករក៏អាចយកល្បាយដីនេះទៅប្រើប្រាស់សម្រាប់ដាំដំណាំបាន ដោយល្បាយដីនេះត្រូវចំពោះដំណាំគ្រប់ប្រភេទតែម្ដង ជាពិសេសដំណាំហូបផ្លែដែលត្រូវការសារ ធាតុចិញ្ចឹមច្រើន។
ជាចុងក្រោយ លោកបន្តណែនាំឱ្យប្រជាពលរដ្ឋសាកល្បងដាំដុះដំណាំចម្រុះជុំវិញផ្ទះ ដោយប្រើប្រាស់វិធីលាយល្បាយដីខាងលើ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋក៏គួរបណ្ដុះទម្លាប់ដាំដុះឱ្យបានច្រើន បើទោះជាពួកគេមិនមែនជាកសិករជំនាញក៏ដោយ ព្រោះការដាំដុះដំណាំជុំវិញផ្ទះ ក៏ជាការធានា សុវត្ថិភាពស្បៀងសម្រាប់គ្រួសារដែរ៕