Close

មួយថ្ងៃ  គ.ជ.ប បានទទួលចុះឈ្មោះបោះឆ្នោតថ្មីចំនួន  ១០,០៤១ នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
មួយថ្ងៃ  គ.ជ.ប បានទទួលចុះឈ្មោះបោះឆ្នោតថ្មីចំនួន  ១០,០៤១ នាក់ មួយថ្ងៃ  គ.ជ.ប បានទទួលចុះឈ្មោះបោះឆ្នោតថ្មីចំនួន  ១០,០៤១ នាក់

ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន  ១០,០៤១ នាក់  អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន  ៧,៧៩៧ នាក់  អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៦៧១ នាក់ និង អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន  ២,០០៦ នាក់។

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប  នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣ នេះ ឱ្យដឹងថា  ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ App-NEC KH ។ ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។

ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។

ជាមួយគ្នានេះ គ.ជ.ប បាន អំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះរួចហើយ សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/voter-list-revision-2023 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រចាំថ្ងៃ។

សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមបើកដំណើរការនៅតាមឃុំ សង្កាត់ទាំង ១,៦៥២ ។ តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ព្រឹកថ្ងៃនេះ និងបានប្រព្រឹត្តទៅយ៉ាងល្អតាមការគ្រោងទុក ពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។

បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ មានរយៈពេល ១៩ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយក្នុងនោះ ការិយាល័យចុះឈ្មោះបោះឆ្នោត ក៏នឹងត្រូវផ្អាកដំណើរការ ១ថ្ងៃផងដែរ គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការប្រជុំត្រួតពិនិត្យការអនុវត្តការងារ៕


អត្ថបទទាក់ទង