គម្រោងសាងសង់អគារមន្ទីរពេទ្យតេជោសែនកោះធំ តម្លៃ ១០ លានដុល្លារសម្រេចបានជាង ៨០% ហើយ
កណ្តាល ៖ អគារមន្ទីរពេទ្យតេជោសែនកោះធំ ដែលគ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០ លានដុល្លារសហរដ្ឋអាមេរិកឋិតនៅស្រុកកោះធំ ខេត្តកណ្តាល សម្រេចបានប្រមាណ ៨០.៥១% គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
វឌ្ឍនភាពនៃការសាងសង់អគារមន្ទីរពេទ្យនេះត្រូវបានរាយការណ៍កាលពី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អំឡុងពេល លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ បានអញ្ជើញចុះពិនិត្យអគារមន្ទីរពេទ្យតេជោសែនកោះធំ នៅក្នុងស្រុកធំ ខេត្តកណ្ដាល។
ការចុះត្រួតពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ នាពេលនេះ គឺដើម្បីតាមដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនកាគ្រោងទុក ប្រកបដោយចីរភាព នឹងឈានដល់ការដាក់ដំណើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។
សូមបញ្ជាក់ជូនថា មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ 10លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ ៦លាន ២ សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី ៤ ទៅ ៥ លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។
បន្ថែមពីលើនោះមន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោសែនកោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ ជាពិសេសចំពោះពលរដ្ឋអ្នកស្រុកកោះលែងមានផលលំបាកក្នុងការធ្វើដំណើឆ្ងាយឡើងមកពិនិត្យ ឬព្យាបាលសុខភាពនៅភ្នំពេញទៀតផង។
សូមជម្រាបជូនថា៖ គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ៕