ផលិតផលខ្មែរប្រមាណ៦០ប្រភេទ ចូលរួមក្នុងពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយ ផលិតមួយ» ក្រុងសៀមរាប
សៀមរាប៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប មានការដាក់តាំងបង្ហាញផលិតផលខ្មែរប្រមាណ ៦០ប្រភេទ ក្នុងកម្មវិធី«ភូមិមួយ ផលិតមួយ» ដើម្បីបំផុសស្មារតីអ្នកផលិត និងអ្នកប្រើប្រាស់ចូលរួមគាំទ្រ និងបង្កើនការផ្សព្វផ្សាយពីផលិតផលខ្មែរ។
ថ្លែងក្នុងពិធីបើកកម្មវិធី«ភូមិមួយផលិតមួយ» លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប បានលើកឡើងថា ការរៀបចំការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនៅខេត្តសៀមរាបនាពេលនេះ នឹងជំរុញការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ។
ម៉្យាងវិញទៀត គោលការណ៍ណែនាំនេះក៏មានបំណងជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់បន្ថែមទៀតពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ ផលិតផល១។
អញ្ជើញជាអធិបតីនាឱកាសនោះ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្កើតអស់រយៈពេល១៦ឆ្នាំហើយ ក្រោមការយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ទៅលើសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកសាងឯកសារគតិយុត្តិសំខាន់ៗ និងគោលនយោបាយមួយចំនួនទៀត ក្នុងនោះបានរៀបចំឡើងវិញនូវគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ ឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ឋសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយលើកទី១ឆ្នាំ២០១៩-២០២៣ ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា នៅចុងឆ្នាំ២០២១ ការជំរុញចលនាភូមិមួយ ផលិតផលមួយ បានចប់ដំណាក់កាលទី១ ដែលមានខេត្តចូលរួមចំនួន១០ និងចងក្រងផលិតផលក្នុងស្រុកបានចំនួន ១២០ផលិតផល ដោយឡែកនៅឆ្នាំ២០២២ គណៈកម្មាធិការ ចងក្រងផលិតផលក្នុងស្រុកបានចំនួន ៦០០ផលិតផល នៃ២៥ រាជធានី ខេត្ត ក្នុងនោះខេត្តសៀមរាប មាន ៤២ផលិតផល ។
ឯកឧត្តម ក៏បានអំពាវនាវ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមជំរុញឲ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ដើម្បី ពង្រឹងគុណភាព និងសមត្ថភាពពាណិជ្ជកម្មនៃផលិតផលមានស្រាប់ ដែលនេះជាគោលការណ៍គ្រឹះ និងជាគោលដៅ សំដៅធ្វើឲ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប គុណភាពល្អ ស្របតាមយុទ្ឋសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះផងដែរ៕