ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ៖ ការកែប្រែដីចំការមីនទៅជាដីកសិកម្ម ដើម្បីលើកស្ទួយជីវភាពប្រជាជន
(បាត់ដំបង)៖ អង្គការអន្តរជាតិ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកែប្រែដីចំការមីនឱ្យទៅជាដីសម្រាប់ធ្វើកសិកម្ម។ ជាក់ស្ដែង នាថ្ងៃទី ២៧ ខែកញ្ញាកន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីធ្វើការងារខាងលើនេះ។
ក្នុងការងារនេះផងដែរ ក្រសួងកសិកម្មបានសហការជាមួយអង្គការ JMAS ជាអង្គការរបស់ជប៉ុន ដែលធ្វើសកម្មភាពកំចាត់មីន ដោយបានពង្រាបដីស្រែ (អតីតចម្ការមីន) ឲ្យទៅជាដីស្រែរាបស្មើ ដើម្បីជាការរួមចំណែបង្កើនប្រាក់ចំណូលដល់កសិករនៅឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
យ៉ាងណាមិញ ការពង្រាបដីឲ្យស្មើល្អដោយបច្ចេកវិទ្យាទំនើបនាំឲ្យកសិករទទួលបានផលកើនចំនួន ២តោន ក្នុង ១ហិកតា ហើយបានកាត់បន្ថយការចំណាយលើការបូមទឹក និងការគ្រប់គ្រងស្មៅ។ ហើយដីរាបស្មើក៏ជំរុញលទ្ធភាពគ្រាប់ស្រូវឱ្យពេញស្មើល្អ ដែលនាំមកផលអង្ករកែច្នៃបានខ្ពស់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានណែនាំឲ្យអង្គការ JMAS ឱ្យសិក្សាពីតំរូវការ និងការចូលរួមរបស់ប្រជាកសិករនៅឃុំចែងមានជ័យ កន្ទឺ១ និងកន្ទឺ២ ដើម្បីធ្វើការពង្រីកការពង្រាបដីជូនកសិករឲ្យបានកាន់តែច្រើនថែមទៀត។
លើសពីនេះ ការផ្គុំជាមួយការប្រើពូជសុទ្ធ ការគ្រប់គ្រងទឹក និងជីជាតិដី និងការផ្សារភ្ជាប់ជាមួយទីផ្សារដើម្បីកសិករទទួលបានតម្លៃសមរម្យ នឹងជួយបង្កើនប្រាក់ចំណូលកសិករកាន់តែច្រើនថែមទៀត ដែលអាចចាត់ទុកថាការអភិវឌ្ឍដីមីន ឲ្យក្លាយទៅជាដីមាស។
គួរបញ្ជាក់ថា សកម្មភាពគាំទ្ររបស់រដ្ឋាភិបាលជប៉ុននេះស្ថិតក្រោមគម្រោង ABC (Agriculture in Battambang Challenge) នៃអង្គការសកម្មភាពកំចាត់មីនជប៉ុនហៅកាត់ JMAS។ ហើយដែលគម្រោង ABC ជាគម្រោងមួយដែរប្រើម៉ាស៊ីនទំនើបរបស់ជប៉ុនក្នុងការឈូសពង្រាបដីស្រែឲ្យរាបស្មើ នឹងបង្កើនទិន្នផលស្រូវបានខ្ពស់។
ដោយឡែក JMAS គឺជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ប្រទេសជប៉ុន ដែលធ្វើការសម្រាប់ការកសាងសន្តិភាពជុំវិញពិភពលោក តាមរយៈការរំសាយអាវុធ និងការបង្រួបបង្រួមជាតិ។
ដើម្បីរួមចំណែកផ្ដល់សន្តិភាពជូនពិភពលោក អង្គការនេះបានធ្វើការជាមួយប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋានដើម្បីកំចាត់មីននៅលើផ្ទៃដីនៅតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា និងជាពិសេសគឺជួយពង្រឹងចំណេះដឹងដល់ប្រជាជនក៏ដូចជាសមាជិកគម្រោងអំពីគ្រាប់មីនដើម្បីកាត់បន្ថយការរងគ្រោះជាយថាហេតុណាមួយ៕