ក្រសួងកសិកម្មជំរុញការងារមន្ទីរពិសោធន៍ជាតិ ដើម្បីធានាសុវត្ថិភាពចំណីអាហារ
ក្នុងជំនួបជាមួយក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី ២៦ ខែកញ្ញាកន្លងទៅ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឌិត ទីណា បានលើកឡើងនូវការងារមន្ទីរពិសោធន៍ជាតិយក មកពិភាក្សា។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការងារមន្ទីរពិសោធន៍ជាតិគឺជាផ្នែកចាំបាច់មួយក្នុងការត្រួតពិនិត្យ ផលិតផលកសិកម្ម ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងនូវជំងឺឆ្លងផ្សេងៗ។
ឯកឧត្តមបន្តមានប្រសាសន៍ថា ការងារនេះមានសារសំខាន់ និងជាជំហានដែលត្រូវចាប់ផ្តើមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារពិសោធន៍ ដែលតម្រូវឱ្យមានការគៀងគរលទ្ធភាពដើម្បីសម្រេចការងារនេះ ហើយក្រសួងស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារនេះ។
យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍រាល់កម្មវិធីវិនិយោគ និងគម្រោងអភិវឌ្ឍន៍ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករឱ្យមានភាពប្រសើរ ឡើង និងដើម្បីកម្ពុជាសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
ដោយឡែក ចំពោះគម្រោង One Health ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការពិនិត្យនិងយកចិត្ត ទុកដាក់ លើច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំនានាឱ្យបានច្បាស់លាស់ ត្រូវមានភាពម្ចាស់ការ ព្រមទាំងសិក្សាពីតម្រូវការក្រុមគោលដៅ ដើម្បីប្រើប្រាស់ថវិកាឱ្យចំទិសដៅ មានប្រសិទ្ធភាពការងារ និងផ្ដល់ផលប្រយោជន៍ពិតដល់កសិករ បង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាព សេដ្ឋកិច្ចពិតប្រាកដ។
ក្នុងកិច្ចពិភាក្សានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការចូលរួម និងសហការគ្នាល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីការងារសម្រេចបានជោគជ័យល្អប្រសើរ។
គួរបញ្ជាក់ថា គម្រោង One Health ជាគម្រោងដែលផ្ដោតសំខាន់លើការអនុវត្តចំពោះប្រទេសកំពុង អភិវឌ្ឍន៍ ដោយយកចិត្តទុកដាក់លើសុខមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ដើម្បីធានាការ រស់នៅជាប្រព័ន្ធ និងមានសុខសុវត្ថិភាព៕