កម្មវិធី CAPFISH ជួយពង្រឹងសហគមន៍នេសាទក្នុងខេត្តចំនួន ៦ នៅតាមដងទន្លេសាប និងខេត្ត ៤ទៀតនៅតាមបណ្តោយឆ្នេរ
ភ្នំពេញ៖ កម្មវិធី CAPFISH បានជួយពង្រឹងសហគមន៍នេសាទក្នុងខេត្តចំនួន ១០ ដោយក្នុងនោះ ខេត្តចំនួន ៦ ស្ថិតនៅតាមដងទន្លេសាប និងចំនួន ៤ ទៀតស្ថិតនៅបណ្តោយឆ្នេរ ដោយផ្តោតលើការនេសាទប្រកបដោយចីរភាព ការអប់រំ ការទទួលបានទឹកស្អាត និងអនាម័យ ព្រមទាំង អភិវឌ្ឍប្រកបដោយភាពធន និងបរិយាបន្នក្នុងវិស័យជលផលនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
ជាមួយនឹងការអនុវត្តនូវកម្មវិធីខាងលើនេះ គណៈប្រតិភូ ដែលរួមមានតំណាងក្រសួង និងតំណាងអង្គការដែលពាក់ព័ន្ធបានជួបពិភាក្សាជាមួយសហគមន៍ សិស្សានុសិស្ស ថ្នាក់មត្តេយ្យ បឋម និងមធ្យមសិក្សា ព្រមទាំងរដ្ឋបាលថ្នាក់តំបន់នៅភូមិថ្នល់ឈើទាល និងតំបន់រ៉ាមសារព្រែកទាល់ ដែលជារមណីយដ្ឋានដ៏មានសារៈសំខាន់នៅតំបន់បឹងទន្លេសាប ដើម្បីស្វែងយល់អំពីកម្មវិធី និងអត្ថប្រយោជន៍របស់កម្មវិធីដល់សហគមន៍មូលដ្ឋាន។ គណៈប្រតិភូបានឃើញពីផលជាវិជ្ជមាននៃកម្មវិធីទៅលើការអភិរក្សធនធានធម្មជាតិ និងការចិញ្ចឹមជីវិតរបស់សហគមន៍ និងបានកោតសរសើរចំពោះកិច្ចសហការរួមគ្នានៃអង្គការពាក់ព័ន្ធ។
ជុំវិញបញ្ហានេះ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញពីលទ្ធផលវិជ្ជមានរបស់គម្រោងផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនៅបឹងទន្លេសាប ដែលអនុវត្តដោយ អង្គការOxfam អង្គការ Save the Children និង អង្គការ WCS។ វាគឺជាដំណើរទស្សនកិច្ចដ៏ល្អមួយដើម្បីបានមើលឃើញពីភាពរីកចម្រើននៃគម្រោងទាំងនេះដល់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានធម្មជាតិ។ យើងសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកពាក់ព័ន្ធ ហើយសូមរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប។ យើងសូមថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបសម្រាប់ការគាំទ្រដល់កម្មវិធីការអភិវឌ្ឍ វិស័យជលផលនៅកម្ពុជាដ៏ធំនេះ” ។
ចំណែក លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា “កម្មវិធី EU CAPFISH នៅតែប្តេជ្ញាធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអង្គការសង្គមស៊ីវិល ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវិស័យជលផល និងការអភិរក្សបរិស្ថាននៅកម្ពុជា។ គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនៅបឹងទន្លេសាប ធ្វើជាគំរូដល់ចក្ខុវិស័យរួមរបស់យើងក្នុងការលើកកម្ពស់ការអនុវត្តល្អក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន”។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា “តាមយៈគម្រោង “សហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចក្នុងតំបន់១” ដែលគាំទ្រដោយសហភាពអឺរ៉ុប យើងបានជួយដល់កុមារ ៥៨៣៣ នាក់ បង្កើតក្រុមសេដ្ឋកិច្ចបៃតងចំនួន ១៤ ដែលបានជាប្រយោជន៍ដល់គ្រួសារចំនួន ១៧៣៩ និងបង្កើតបណ្តាញអេកូទេសចរណ៍ធម្មជាតិ បឹងទន្លេសាបដើម្បីជួយសហគមន៍នេសាទបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។”
លោក អាលីស្ទែរ ម៉ូល នាយកអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “គម្រោង “ទន្លេសាបយើង” បានកាត់បន្ថយការនេសាទខុសច្បាប់ និងចូលរួមអនុវត្តដំណោះស្រាយល្បាតដោយប្រើប្រាស់បច្ចេកវិទ្យាអភិរក្ស ដូចជាកម្មវិធី SMART សម្រាប់ល្បាត និងការរាយការណ៍ ការចូលរួមក្នុងសកម្មភាពបន្សាំអាកាសធាតុដូចជា វេទិកាស្រូវប្រកបដោយនិរន្តរភាព ការគ្រប់គ្រងភ្លើងព្រៃ និងការដាំដើមឈើឡើងវិញសម្រាប់ការអភិរក្សផ្នែកជលផល ជាដើម ដែលទាំងនេះបានចូលរួមកាត់បន្ថយការនសាទខុសច្បាប់នៅក្នុងខេ្តចំនួន ៥ ជុំវិញបឹងទន្លេសាប” ។
លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “គម្រោង “បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើត បឹងទន្លេសាប (GREEN)” បានបង្កើនលទ្ធភាពសហគមន៍ចំនួន ៦៤៧ គ្រួសារ ក្នុងការទទួលបានទឹកស្អាត និងមានអនាម័យ និងសម្ភារៈសិក្សាសម្រាប់សិស្សប្រមាណជាង ៤៥០០នាក់”៕