ADB ផ្តល់ឥណទានសម្បទាន ១៤០ លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍកម្មវិធីចំនួន ២
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាបានផ្តល់ឥណទានសម្បទានចំនួន ១៤០ លានដុល្លារអាមេរិក
ដើម្បីចូលរួមអភិវឌ្ឍកម្មវិធីចំនួន ២ នៅក្នុងប្រទេសកម្ពុជា ទី១ គឺកម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន ២ និង ទី២ គឺកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារអាម៉េរិក ត្រូវបានរៀបចំចុះហត្ថលេខា ធ្វើឡើងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកា ស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន ២ ដែលជា អនុកម្មវិធីទី ២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែ ងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ ដោយផ្តោតលើ ១).ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោម ជាតិ; ២). ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ; និង ៣). ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ។
កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប ៤០ លានដុល្លាអាម៉េរិក ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ។
ដោយឡែកកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត ដែលជា អនុកម្មវិធីទី ១ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ។ កម្មវិធីនេះនឹងពង្រឹងការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ ។
កម្មវិធីនេះគ្រោង នឹងចំណាយថវិកាសរុប ១៣១,៣០ លានដុល្លាអាម៉េរិក ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០ លាន ដុល្លាអាម៉េរិក ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
បើតាមក្រសួងសេដ្ឋកិច្ច ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ ADB ។ ជារួម គោលបំណងនៃកម្មវិធីទាំង ២ ដែលទើបត្រូវបានចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្តកាលពីពេលថ្មីៗ កន្លងទៅ ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែល ADB បាន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៩ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ឥណទានសម្បទាន មាន ទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ ប៊ីលានដុល្លារអាម៉េរិក សម្រាប់អនវុត្តគម្រោង/កម្មវិធីចំនួន ១៣៧ និងហិរញ្ញប្បទាន ឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៧០ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB ដែលបាន និងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ៕