Close

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បន្តពង្រឹងភាពជាដៃគូអភិវឌ្ឍ និងចូលរួមគាំទ្រក្នុង​យុទ្ធសាស្រ្តចក្រារបស់ក្រសួង

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បន្តពង្រឹងភាពជាដៃគូអភិវឌ្ឍ និងចូលរួមគាំទ្រក្នុង​យុទ្ធសាស្រ្តចក្រារបស់ក្រសួង ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បន្តពង្រឹងភាពជាដៃគូអភិវឌ្ឍ និងចូលរួមគាំទ្រក្នុង​យុទ្ធសាស្រ្តចក្រារបស់ក្រសួង

ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះបានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត Suwanna Gauntlett នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ចូលជួប​សម្តែងការគួរសម និង ពិភាក្សាការងារនាទីស្តីការក្រសួង។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះលោកស្រីបណ្ឌិត ក្នុងកិច្ចសហការ និងភាពជាដៃគូ​អភិវឌ្ឍកន្លងមក ហើយឯកឧត្តមក៏បានលើកឡើងពីយុទ្ធសាស្រ្តចក្រា ដែលក្រសួង​បាន និង​កំពុងអនុវត្តនៅក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

ក្នុងយុទ្ធសាស្ត្ររបស់ក្រសួងនោះរួមមាននូវយុទ្ធនាការបន្តបន្ទាប់ទៀតដូចជា យុទ្ធនាការកាត់បន្ថយ​ថង់​ប្លាស្ទិកនៅតាមសាលារៀន (កំពុងបន្តទៅតាមបណ្តារោងចក្រផ្សេងៗ) យុទ្ធនាការផ្តល់ដើម​ឈើចំនួនជាង ១លានដើមជូនប្រជាពលរដ្ឋដែលមានតម្រូវការដាំ និងការលើកស្ទួយជីវភាព​ប្រជា​សហគមន៍ តាមរយៈការជំរុញឱ្យមានក្រុមហ៊ុនវិនិយោគនៅក្នុងតំបន់ ដែលអាចជួយឱ្យប្រជាពលរដ្ឋ រកចំណូលបានពីក្រុមហ៊ុនវិនិយោគទាំងនោះ ដូចជាជំរុញឱ្យប្រជា​ពលរដ្ឋដាំឬស្សី ហើយលក់ឬស្សី​ឱ្យក្រុមហ៊ុនយកទៅកែច្នៃធ្វើជាគ្រឿងសង្ហារឹមជាដើម។

លើសពីនេះក្រសួងក៏បានជំរុញឱ្យមានការដាំដុះដំណាំហូបផ្លែ ដាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ហើយការធ្វើបែបនេះជាលទ្ធផល ប្រជាពលរដ្ឋមិនចូលព្រៃរកអនុផលព្រៃឈើដូចមុន ក៏ពួកគេអាច​មានអាហារហូបចុក និងជីវភាពល្អប្រសើរផងដែរ។

លោកស្រីបណ្ឌិត Suwanna Gauntlett បានសម្តែងមោទនភាពចំពោះលទ្ធផលដែលសម្រេច​បានលឿន និងឆាប់រហ័សនេះចំពោះលោកស្រីបណ្ឌិតផ្ទាល់ នឹងបន្តជាដៃគូអភិវឌ្ឍជាមួយក្រសួង​បរិស្ថានបន្តទៀត ហើយនឹងចូលរួមគាំទ្រ ក្នុងយុទ្ធសាស្រ្តចក្រារបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍ​គ្រប់ជ្រុងជ្រោយ៕

អត្ថបទទាក់ទង