Close

ក្រសួងកសិកម្មកំពុងពង្រឹងការអនុវត្តស្តង់ដារផលិតចំណីអាហារ ដើម្បីធានាសុវត្ថិភាពស្បៀង និងការប្រកួតប្រជែង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងកសិកម្មកំពុងពង្រឹងការអនុវត្តស្តង់ដារផលិតចំណីអាហារ ដើម្បីធានាសុវត្ថិភាពស្បៀង និងការប្រកួតប្រជែង ក្រសួងកសិកម្មកំពុងពង្រឹងការអនុវត្តស្តង់ដារផលិតចំណីអាហារ ដើម្បីធានាសុវត្ថិភាពស្បៀង និងការប្រកួតប្រជែង

ភ្នំពេញ : បន្ថែមពីលើការអនុវត្តស្ដង់ដារ​គុណភាព​ផលិតផលជលផល ក្រសួងកសិកម្មនាពេលបច្ចុប្បន្ន ក៏កំពុងរៀបចំស្ដង់ដារដូចគ្នាសម្រាប់ផលិតផល​កសិកម្មផ្សេងទៀតដែលរួមមានដូចជា បន្លែ ផ្លែឈើ និងស្រូវអង្ករ ដែលការរៀបចំបែបនេះគឺដើម្បីធានាសុវត្ថិភាពចំណីអាហារ និងជំរុញការប្រកួតប្រជែងទៅក្នុងទីផ្សារក្នុង និងក្រៅស្រុក។

ថ្លែងក្នុងឱកាសចុះទស្សនកិច្ច​នៅសិប្បកម្មផលិតទឹកត្រីមួយកន្លែង នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆកនាំ២០២៣ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានលើកឡើងនូវអត្ថ​ប្រយោជន៍នៃការអនុវត្តស្ដង់​ដារនិមិត្ត​សញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS)។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា CQS) បានផ្ដល់ផល​ប្រយោជន៍​ជាច្រើនដល់សហគ្រាសកែច្នៃខ្នាតតូច និងមធ្យម ដោយក្នុងនោះជួយកាត់​បន្ថយកា​រ​ចំណាយថ្លៃដើម ជំរុញការកែច្នៃផលិតផលឱ្យមានគុណភាពខ្ពស់​ប្រកបដោយ​ស្ដង់ដារ​បច្ចេកទេស ហើយនៅពេលដាក់លក់លើទីផ្សារមានតម្លៃទ្វេដងជាងផលិតផលកែច្នៃធម្មតា។

មិនត្រឹមតែផ្ដល់ប្រាក់ចំណេញបន្ថែមសម្រាប់ម្ចាស់សហគ្រាសប៉ុណ្ណោះទេ វិញ្ញាបនបត្រនិមិត្ត​សញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) ក៏បានរួមចំណែកជះឥទ្ធិពល​ដល់សុខមាលភាព​របស់អ្នកបរិភោគផងដែរ ។

បើតាមអ្នកនាំពាក្យរូបនេះ ប្រព័ន្ធ CQS ជាស្ដង់ដារសម្រាប់ផ្ដល់ឱ្យដល់សហគ្រាសកែច្នៃផលិតផល​ដែលមានការធានាដល់សុវត្ថិភាពចំណីអាហារ មានអនាម័យល្អ ដើម្បីធានាថាមិនមានហានិភ័យ ឬផលប៉ះពាល់ណាមួយដល់សុខភាពអ្នកបរិភោគ។

ជំទាវ អ៊ឹម រចនា បានសង្កត់ធ្ងន់ថា បញ្ហាសុវត្ថិភាពចំណីអាហារ ជាអ្វីដែលរាជរដ្ឋាភិបាល​កម្ពុជាតែង​តែយកចិត្តទុកដាក់ខ្ពស់ ហើយតាមរយៈយន្តការនៃការអនុវត្តស្ដង់ដារ CQS នេះ ក៏ជាឧទាហរណ៍​មួយក្នុងចំណោមឧទាហរណ៍ជាច្រើនទៀតដែលមានក្រសួងកសិកម្ម ក្នុងនាមជា​សេនាធិការ​របស់រាជរដ្ឋាភិបាល បានកំពុងធ្វើ និងគិតគូរលើសុវត្ថិភាពចំណីអាហារ ក៏ដូចជាសុខមាលភាព​របស់ពលរដ្ឋ។

ដោយឡែក ជំហានបន្ទាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងគ្រោងរៀបចំ​ឱ្យមាន​ប្រព័ន្ធ​ស្ដង់ដារគុណភាពដូចគ្នានេះ​បន្ថែមទៀត​សម្រាប់ការទទួលស្គាល់លើនិមិត្តសញ្ញាគុណ​ភាពផលិតផលកសិកម្ម ដូចជា បន្លែ ផ្លែឈើ និងស្រូវអង្ករផងដែរ៕

អត្ថបទទាក់ទង