រដ្ឋាភិបាលត្រៀមកញ្ចប់ថវិកា ១០០ លាននដុល្លារសម្រាប់យន្តការអន្តរាគមន៍គ្រប់គ្រងទីផ្សារ, ផែនការដាំដុះ និងព័ត៌មានទីផ្សារ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមជាកញ្ចប់ថវិកាជាក់លាក់ដោយចាប់ផ្ដើមពីចំនួន ១០០ លានដុល្លាអាមេរិក និងអាចវិភាជថវិកាបន្ថែមបើសិនបើមានតម្រូវការចាំបាច់សម្រាប់យកមកប្រើប្រាស់នៅក្នុងយន្តការអន្តរាគមន៍ ការគ្រប់គ្រងទីផ្សារផែនការដាំដុះ និងព័ត៌មានទីផ្សារដែលបង្កឲ្យមានការធ្លាក់ចុះតម្លៃកសិផល និង ភាពគ្មានទីផ្សារសម្រាប់កសិផលកម្ពុជាដែលកើតមានឡើងជារឿយៗ។
នេះជាប្រសាសន៍របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីស្ដីពីវឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់បន្ថែមថា កញ្ចប់ថវិកា ១០០ លានដុល្លារនេះ នឹងអនុវត្តលើកម្មវិធីមួយចំចំនួន ដូចជាសម្រាប់បន្ថែមទុនជាកម្ចីដល់ធនាគាររបស់រដ្ឋទាំងពីរគឺធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានិងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ នេះជាកម្មវិធីគោលនយោបាយអទិភាពទី ៥ គឺការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករកម្មការិនី នៅខេត្តតាកែវ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់លើការផ្តុំគ្នាជា«កម្លាំងសរុប»ដ៏ធំមួយនៅក្នុងវិស័យកសិកម្ម ទាំងនៅក្នុងរដ្ឋ ទាំងនៅក្នុងវិស័យឯកជន និងទាំងរវាងរដ្ឋនិងឯកជន ក្រោមគោលនយោបាយ«យុទ្ធសាស្ត្រមួយ ផែនការសកម្មភាពមួយ សំឡេងមួយ» ដើម្បីទទួលបាននូវការឯកភាពគ្នានៃកសិកម្មកម្ពុជា ផ្តល់លទ្ធភាពឱ្យយើងអាចចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស និងធានាបាននូវភាពឈ្នះសម្រាប់យើងទាំងអស់គ្នា។
សហគមន៍កសិកម្ម និងផលប្រយោជន៍ដែលនឹងទទួលបានពីសេដ្ឋកិច្ចមាត្រដ្ឋាននៃការ«រួមផលិត រួមលក់ រួមទិញ» នឹងក្លាយទៅជាចលករដ៏ធំនៃការឈានទៅទទួលបានឧត្តមានុភាពនៅក្នុងការប្រកួតប្រជែងនៃកសិកម្មកម្ពុជានៅឆាកអន្តរជាតិ ព្រមទាំងនឹងធ្វើឱ្យជីវភាពកសិករខ្មែរបានប្រសើរឡើង៕