អ៊ុយក្រែន បន្តបណ្តេញអនុរដ្ឋមន្ត្រីការពារជាតិ៦រូបទៀត បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិលោក Reznikov
បរទេស ៖ កាលពីថ្ងៃចន្ទកន្លងមកនេះប្រទេសអ៊ុយក្រែនបានប្រកាសជាផ្លូវការក្នុងការបណ្តេញចេញរដ្ឋមន្ត្រីនៃក្រសួងការពារជាតិ លោក Oleksii Reznikov ចេញពីតំណែងហើយក្នុងករណីចោទប្រកាន់លើបញ្ហាពុករលួយនៅក្នុងការដឹកនាំរបស់លោកនាពេលកន្លងមក។
មួយថ្ងៃក្រោយមកអ៊ុយក្រែនក៏បានបន្តធ្វើការបណ្តេញចេញតំណែងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិចំនួន៦នាក់ផ្សេងទៀតផងដែរ ដែលក្នុងនោះមានឈ្មោះដូចជា
Hanna Maliar, Vitalii Deyneha and Denys Sharapov, Kostiantyn Vashchenkoជាដើម។
លោក Reznikov ត្រូវបានរដ្ឋាភិបាលក្រុងគៀវប្រកាសម្តងហើយថា នឹងដកតំណែងចេញកាលពីដើមខែនេះ បន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធនឹងការទិញអាវយោធាសម្រាប់ក្រសួងការពារជាតិក្នុងតម្លៃថ្លៃជាងទីផ្សារដល់បីដង ហើយបើទោះបីជាលោក Reznikov បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែលោកក៏បានប្រកាសលាលែងពីតំណែងនេះដោយខ្លួនឯងរួចហើយដែរ។
ទោះបីជាមិនមានការពន្យល់លំអិតអំពីការសម្រេចចិត្តបណ្តេញមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបន្ថែមទៀតក្តី ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនត្រូវបានគេមើលឃើញថាបានកំពុងតែបន្តធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីអំពើពុករលួយនៅក្នុងជួរទ័ពរបស់ខ្លួននៅឡើយ ពោលគឺចាប់តាំងតែពីពេលដែលប្រតិបត្តិការវាយបកប្រឆាំងប្រទេសរុស្ស៊ីហាក់ដូចជាមិនសូវទទួលបានលទ្ធផលអ្វីឡើយក្នុងរយៈពេលជាង២ខែកន្លងមកនេះ។
គួរឲ្យដឹងដែរថា ប្រតិបត្តិការវាយបកដែលអ៊ុយក្រែន និងលោកខាងលិចបានទន្ទឹងរងចាំអស់រយៈពេលជាយូរមកហើយនោះបានចាប់ផ្តើមកាលពីខែមិថុនា ប៉ុន្តែអ៊ុយក្រែនមិនអាចដណ្តើមបានទឹកដីណាមកវិញនៅឡើយ ហើយថែមទាំងបាត់បង់ជីវិតយោធារបស់ខ្លួនដល់ទៅជាង ៧០,០០០នាក់បន្ថែមទៀតផងដែរគិតមកទល់ពេលនេះ៕