កសិករដាំននោងនៅខេត្តត្បូងឃ្មុំ អាចរកចំណូលបានជាង ៤លានរៀលក្នុងមួយខែ
ត្បូងឃ្មុំ : ជាការពិត ការដាំដំណាំមិនចាំបាច់ទាល់តែមានកសិដ្ឋានធំៗ ឬដំណាំដែលពេញនិយមនោះទេ ជូនកាល ដំណាំបន្ទាប់បន្សំដែលគេមិនសូវចាប់អារម្មណ៍ទៅវិញទេ ទើបជាតម្រូវការទីផ្សារពិតប្រាកដ។
ដំណាំ ននោង ត្រឡាច ត្រសក់ជាដើម ច្រើនតែត្រូវបានប្រជាកសិករដែលមានដីនៅទំនេរជ្រើសរើសដាំនៅជុំវិញផ្ទះ សម្រាប់ហូបក្នុងគ្រួសារ ប៉ុន្តែដំណាំទាំងនេះក៏នៅតែមានតម្រូវការលើទីផ្សារ ផងដែរ។
ដោយឃើញឱកាសនេះ កសិករមួយរូបរស់នៅឃុំល្ងៀង ខេត្តត្បូងឃ្មុំ បានជ្រើសរើសដាំដំណាំ ត្រឡាច និងននោង ប៉ុន្តែដំណាំដែលកសិកររូបនេះផ្ដោតសំខាន់ គឺដំណាំននោង ដែលដាំនៅលើដីទំហំ ២០ គុណនឹង ៦០ ម៉ែត្រ។
កសិករ អ៊ុន ម៉េងអ៊ាន់ បានរៀបរាប់ឱ្យដឹងថា លោកបានចាប់ផ្ដើមដាំននោងបាន ៣ឆ្នាំហើយ ដោយសារតែវាស្រួលថែទាំ ស្រួលដាំ ហើយមិនងាយខូច រីឯសត្វល្អិតក៏មិនសូវមាន។
បើតាមកសិកររូបនេះ មុននឹងដាំននោង គឺត្រូវធ្វើដីឱ្យស្អាត បន្ទាប់មកទើបចាប់លើករង ធ្វើទ្រើង និងដាក់ជីលាមកសត្វសម្រាប់ទ្រាប់បាតដំណាំ។
ក្រោយដំណាក់កាលខាងលើ លោក អ៊ុន ម៉េងអ៊ាន់ ចាប់ផ្ដើមក្រាលកៅស៊ូពីលើរងដំណាំ និងចោះជារន្ធសម្រាប់ដាក់កូនដំណាំ ឬគ្រាប់ពូជ។
លោកបានចែករំលែកបន្តទៀតថា៖ «ខ្ញុំទុកគម្លាតពីគល់មួយទៅគល់មួយក្នុងចម្ងាយ ១ម៉ែត្រ ព្រោះកាលណាយើងដាក់ជិតពេក ផ្លែក៏មិនបានច្រើនដែរ»។
លោកបន្តថា បន្ទាប់ពីដាក់គ្រាប់ពូជប្រហែល២០ថ្ងៃ ននោងនឹងចាប់ផ្ដើមលូតលាស់ ហើយចាប់ផ្ដើម បោះដៃតោងទ្រើងដែលបានរៀបចំទុក និងក្នុងរយៈពេលប្រហែល ២ខែ គឺអាចប្រមូលផលបានហើយ។
សម្រាប់ការថែទាំវិញ លោកបញ្ជាក់ថា៖ «អ្វីដែលយើងត្រូវយកចិត្តទុកដាក់គឺ ដើរតុបតែងដៃរបស់វា ដោយធ្វើយ៉ាងណាឱ្យវាតោងទ្រើងឱ្យមានរបៀបរៀបរយ ហើយពេលផ្លែក៏អីចឹងដែរ យើងត្រូវដើរទម្លាក់ក្ដិបរបស់វាមកក្រោម ដើម្បីឱ្យផ្លែវាស្រលូនល្អ»។
សម្រាប់បញ្ហាសត្វល្អិតវិញ ដំណាំននោងច្រើនតែជួបប្រទះបញ្ហាអណ្ដើកមាស ដូច្នេះហើយលោក លើកទឹកចិត្តឱ្យកសិករប្រើប្រាស់ថ្មាំសម្លាប់សត្វល្អិត ប៉ុន្តែត្រូវប្រើក្នុងកម្រិតមួយទាប ដោយមិនឱ្យ ប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។ ក្រៅពីនោះ គឺកសិករអាចបន្តប្រើប្រាស់ជីលាមកសត្វ ជីសរីរាង្គ ឬប្រភេទជីទឹកផ្សេងទៀតបាន។
ដោយឡែក សម្រាប់ការប្រមូលផលវិញ កសិកររូបនេះបានរៀបរាប់ថា៖ «មួយរដូវកាល អាចប្រមូលបាន៣តោន ដោយប្រមូលផលរាល់ថ្ងៃ ១ថ្ងៃបាន១០០គីឡូ ហើយរយៈពេលប្រមូលគឺ១ខែ»។
ចំពោះការលក់វិញ គឺ១តោន បានតម្លៃ១លានរៀលកន្លះ ដូច្នេះកសិករ អ៊ុន ម៉េងអ៊ាន់ អាចរកចំណូលបាន ៤លានកន្លះក្នុងមួយរដូវកាល។ សម្រាប់លោក ការដាំដំណាំននោងគឺចំណេញច្រើន ព្រោះលោកមិនសូវជាចំណាយនោះទេ។
ផាត់ថ្លៃចំណាយលើប្រេងសាំង ថ្លៃទុយោទឹក និងថ្លៃកៅស៊ូ ក៏កសិកររូបនេះនៅអាចចំណេញបានខ្ទង់ ៤លានរៀលផងដែរ។ ក្នុងនោះ ទីផ្សារមិនសូវជាមានបញ្ហាទេសម្រាប់លោក ដោយប្រមូលបាន តែងលក់ចេញទៅទីផ្សារអស់ៗ មិនដែលសល់។
តាមរយៈបទពិសោធន៍ជោគជ័យនេះ លោកលើកទឹកចិត្តឱ្យកសិករផ្សេងទៀតងាកមកដាំដុះដំណាំ ប្រភេទនេះ ដោយវាងាយស្រួលដាំ ចំណាយតិច និងអាចរកចំណូលបានច្រើន៕