Close

កម្ពុជា-ជប៉ុនមានទំនាក់ទំនងដ៏ល្អប្រសើរ ពិសេសក្នុងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា-ជប៉ុនមានទំនាក់ទំនងដ៏ល្អប្រសើរ ពិសេសក្នុងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្ពុជា-ជប៉ុនមានទំនាក់ទំនងដ៏ល្អប្រសើរ ពិសេសក្នុងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ ៖ កម្ពុជា និងជប៉ុនមានទំនាក់ទំនងដ៏ល្អប្រសើរ ពិសេសជប៉ុនបានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្ពុជាក្នុងការរៀបចំមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្សេងៗដូចជាច្បាប់សំណង់ និងកិច្ចសហការក្នុងការចុះបញ្ជីដីធ្លីជាដើម។

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្វាគមន៍និងជូនពរដល់ឯកឧត្តមUENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជាដែលបេសកកម្មនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តមត្រូវបានចាត់ទុកថាជាបេសកកម្មមួយដែលត្រូវមានការរីកចម្រើនជាមួយ និងការងារអភិវឌ្ឍន៍គ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការរីកចម្រើននេះគឺតែងតែទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងជប៉ុន ក្នុងនោះក៏មានក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដែលជាដៃគូក្នុងការអភិវឌ្ឍន៍នៅកម្ពុជាក៏ដូចជារឹតចំណងសាមគ្គីភាពមិត្តភាពរវាងកម្ពុជានិងជប៉ុន។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ថ្មីៗនេះកម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលជោគជ័យនេះគឺអាស្រ័យដោយកម្ពុជារៀបចំរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អនិងវិធានការចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺ covid ១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសទើបធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាននេះអាចដំណើរការដោយរលូននិងធានាសុវត្ថិភាពពីការឆ្លងជំងឺរាតត្បាតដល់គណៈប្រតិភូដែលបានមកចូលរួម។នេះគឺជាជោគជ័យមួយក្នុងយុទ្ធសាស្ត្រទប់ស្កាត់វីរុសកូវីដ១៩ ដែលបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការចូលរួមអបអរសាទរចំពោះការរៀបចំដោយជោគជ័យក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមកនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់វីរុសកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឲ្យកម្ពុជាអាចបើកដំណើរការឡើងវិញលើគ្រប់វិស័យហើយឯកឧត្តមទទួលស្គាល់ថានៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ តិចតួចប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។

លោកបានបន្តថា ប្រទេសកម្ពុជាជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ និងមានប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ ហើយលោកពិតជាមានក្តីរីករាយដែលបានបំពេញការងារជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុនប្រចាំកម្ពុជាដែលជាប្រទេសមួយមានទំនាក់ទំនងការទូតល្អប្រសើរជាមួយប្រទេសជប៉ុន។ ប្រទេសជប៉ុន និងកម្ពុជាបានកសាងនូវជំនឿទុកចិត្តដ៏រឹងមាំតាមរយៈកិច្ចសហប្រតិបត្តិការនៅក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរការកសាងប្រទេសឡើងវិញ។

លោក UENO Atsushi បានបង្ហាញពីក្តីរីករាយដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាជប៉ុនត្រូវបានលើកកម្ពស់ទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា។ ក្នុងនាមជាឯកអគ្គរាជទូត ឯកឧត្តមមានបំណងចង់ធ្វើទស្សនកិច្ចនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា និងធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទាំងនោះដោយផ្ដោតសំខាន់ទៅលើការយល់ដឹងអំពីសង្គមនិងវប្បធម៌របស់ប្រទេសកម្ពុជាថែមទៀតផង។

លោកបានលើកឡើងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកប្រទេសជប៉ុនបានសហការជាមួយកម្ពុជាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយឡែកនាពេលបច្ចុប្បន្ននេះជប៉ុនបានសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កម្ពុជាក្នុងការរៀបចំមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធផ្សេងៗដូចជាច្បាប់សំណង់ គោលដៅនៃបច្ចេកវិទ្យាសំណង់ ឧបករណ៍ដែលទទួលប្រព័ន្ធ GPS និងឧបករណ៍ផ្សេងៗទៀតសម្រាប់វិស័យសំណង់ និងសហការក្នុងការចុះបញ្ជីដីធ្លីផងដែរ៕

អត្ថបទទាក់ទង