Close

ក្រសួងមហាផ្ទៃ ចាប់ផ្តើមកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ចាប់ផ្តើមកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្រសួងមហាផ្ទៃ ចាប់ផ្តើមកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ

ភ្នំពេញ៖  ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សារៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិក៏ដូចជាដើម្បីសិក្សាពីភាពចាំបាច់ និងឯកសារពាក់ព័ន្ធនានា ជាជំហានដំបូងក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលត្រូវប្រមូលចងក្រងក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់អន្តរក្រសួង ដើម្បីពិភាក្សាពិគ្រោះយោបល់គ្នា ក្រោមអធិតីភាព ឯកឧត្តម លេង វី ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឱ្យដឹងថា ចំពោះផែនការរៀបចំលេខកូដសម្គាល់នេះ គឺដើម្បីកំណត់យកជាលក្ខណៈស្តង់ដាររួមមួយជាក់លាក់ សម្រាប់ប្រើប្រាស់ជាទូទៅក្នុងការគ្រប់គ្រងទិន្នន័យ និងភូមិសាស្ត្រនិមួយៗ។ លើសពីនេះទៀត ត្រូវរៀបចំឱ្យមានជាឯកសារគតិយុត្តច្បាស់លាស់ជាផ្លូវការមួយសម្រាប់ប្រើប្រាស់ជារួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា។

ជាមួយគ្នានេះ លោកក៏បានលើកឡើងបន្ថែមថា កន្លងមក មានក្រសួង ស្ថាប័ន មួយចំនួន បានចេញសេចក្តីប្រកាសដាក់ឱ្យប្រើប្រាស់លេខកូដសម្គាល់ភូមិសាស្ត្រនេះដោយស្វ័យអង្គភាពរៀងៗខ្លួន សម្រាប់បម្រើឱ្យផលប្រយោជន៍ និងការផ្តល់សេវារបស់ក្រសួង ស្ថាប័នរបស់ខ្លួន ដែលធ្វើឱ្យការប្រើប្រាស់លេខកូដសម្គាល់នេះខុសៗគ្នា មិនមានភាពច្បាស់លាស់ និងមិនមានឯកសារគតិយុត្តផ្លូវការណាមួយ ឬមិនទាន់មានការណែនាំឱ្យប្រើប្រាស់ជាផ្លូវការដែលមានការឯកភាពគ្នារវាងក្រសួង-ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិនៅឡើយ ដែលធ្វើឱ្យមានការពិបាកក្នុងការរក្សាទិន្នន័យ។

បន្ថែមពីនេះទៀត លោកក៏បានសង្កត់ធ្ងន់ថា ដោយក្រសួងមហាផ្ទៃ គឺជាក្រសួងអាណាព្យាបាលលើរដ្ឋបាលថ្នាក់ក្រោមជាតិ ដូច្នេះ ក្រសួងមហាផ្ទៃ ពិតជាមានទំនួលខុសត្រូវខ្ពស់ផងដែរ ក្នុងការដឹកនាំរៀបចំលើកិច្ចការងារដ៏សំខាន់នេះ។

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធការរៀបចំលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនេះ គឺជាការងារចាំបាច់ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធគ្រប់គ្រងមានស្តងដារតែមួយ ដោយមិនឱ្យមានការរៀបចំកំណត់ប្រើប្រាស់ខុសៗគ្នា ដែលធ្វើឱ្យប្រជាពលរដ្ឋមានការពិបាកក្នុងការប្រើប្រាស់ និងទទួលសេវា។ ហើយការងារនេះគួរប្រជុំជាអន្តរក្រសួង ជាមួយក្រសួងស្ថានប័នពាក់ព័ន្ធដើម្បីផ្តល់ធាតុចូល ឱ្យមានការឯកភាពក្នុងការប្រើប្រាស់ជារួមមួយ។

ទន្ទឹមនេះដែរ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ការងារនេះមានសារសំខាន់ណាស់សម្រាប់ប្រើប្រាស់លើការងារគ្រប់គ្រង និងប្រើសម្រាប់ការងារសំខាន់ៗជាច្រើន ដែលជារួម មានដូចជា ការងារបញ្ជាក់សម្គាល់កម្មសិទ្ធិដីធ្លី, ការផ្តល់សេវាកម្មបញ្ញើផ្សេងៗ, ការងារបម្រើសេវាសាធារណៈក្នុងការគ្រប់គ្រងលើការងារចេញ-ចូល ឯកសារ ព្រមទាំងការងារពាក់ព័ន្ធជាច្រើនទៀត សម្រាប់បច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងត្រូវមានការប្រជុំពិភាក្សាពិគ្រោះយោបល់គ្នាជាអន្តរក្រសួង ដើម្បីរៀបចំកិច្ចការងារនេះ។ នៅក្នុងនោះ ឯកឧត្តម បានណែនាំដល់អង្គប្រជុំឱ្យសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងឯកសារគតិយុត្តពាក់ព័ន្ធនានា ដើម្បីយកទៅពិភាក្សាក្នុងកិច្ចប្រជុំជាអន្តរក្រសួងនាពេលខាងមុខ ដើម្បីស្វែងរកការឯកភាពគ្នាសម្រាប់ការរៀបចំកំណត់លេខកូដសម្គាល់ភូមិសាស្ត្រនេះឱ្យបានត្រឹមត្រូវ៕

អត្ថបទទាក់ទង