មន្ត្រីយោធាអាមេរិក ៖ ចិនបច្ចុប្បន្នមានសមត្ថភាពផលិតនាវាលើសអាមេរិកដល់ទៅ២០០ដង
បរទេស ៖ មន្ត្រីយោធាម្នាក់នៃការិយាល័យស៊ើបការសំងាត់របស់កងទ័ពជើងទឹកអាមេរិកហៅកាត់ថា ONI បានអះអាងថា លោកបានពិនិត្យឃើញនូវឯកសារសំងាត់មួយដែលបានបង្ហាញអំពីការព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនចំពោះការពង្រឹងសមត្ថភាពយ៉ាងខ្លាំងក្លាដោយកងកម្លាំងកងទ័ពជើងទឹកចិនហើយជឿជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងអាចមានសមត្ថភាពផលិតនាវាក្នុងអត្រាលឿនជាងអាមេរិកដល់ទៅរាប់រយដង។
លោក Brent Sadler អ្នកជំនាញស្រាវជ្រាវជាន់ខ្ពស់នៃភ្នាក់ងារសំងាត់របស់កងទ័ពជើងទឹកអាមេរិកបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ៖ ខ្ញុំមិនអាចមើលឃើញថាក្នុងរយៈពេលដ៏ខ្លីខាងមុខណាមួយដែលអាចធ្វើឲ្យអាមេរិកនឹងអាចបង្កើនសមត្ថភាពទៅប្រហាក់ប្រហែលចិនបានឡើយ ពីព្រោះថាចន្លោះនៃសមត្ថភាពផលិតនាវានោះគឺមានភាពខុសគ្នាឆ្ងាយណាស់។
ការអត្ថាធិប្បាយរបស់ Sadler ត្រូវបានគេមើលឃើញថាបានធ្វើឡើងបន្ទាប់ពីរូបភាពមួយចំនួនរបស់ ONI ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធអ៊ីនធឺណិត។ រូបភាពដែលត្រូវបានបង្ហាញអំពីរបាយការណ៍នៅក្នុងតំបន់សង្គ្រាមគឺអាចបញ្ជាក់ពីសមត្ថភាពផលិតនាវាធំៗរបស់ចិនបើធៀបនឹងសហរដ្ឋអាមេរិក។
ស្លាយរូបភាពនេះត្រូវបានបង្កើតឡើងដោយONI តាមរយៈកិច្ចខិតខំប្រមូលបានពីប្រភពសាធារណៈជាច្រើន។ វាគឺជាផ្នែកមួយនៃការសង្ខេបរួមស្តីពីការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងអាមេរិកនិងចិន។
អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះគឺថាក្នុងចំណោមរូបភាពទាំងនោះគេនឹងអាចមើលឃើញនូវទីតាំងផលិតនាវារបស់ប្រទេសចិនមានសមត្ថភាពផ្ទុករហូតទៅដល់ ២៣,២លានតោនដែលធៀបទៅនឹងសហរដ្ឋអាមេរិកមានត្រឹមតែ១០ម៉ឺនតោន ឬមានន័យថាសមត្ថភាពផលិតរបស់ចិនមានទំហំធំជាងអាមេរិកដល់ទៅ ២៣២ដង។
ទោះបីជាមើលឃើញមានការគំរាមកំហែងកាន់តែខ្លាំងដោយសារតែការពង្រីកខ្លួនរបស់ចិនក៏ដោយ ប៉ុន្តែលោក Sadler បាននិយាយថាសហរដ្ឋអាមេរិកមិនបានធ្វើការរៀបចំខ្លួនក្នុងការឆ្ពោះទៅរកគោលដៅនៃការបង្កើនចំនួននៃការផលិតនាវាកងទ័ពជើងទឹកបន្ថែមនោះទេ។
លោក Sadler បានបន្តថា ៖ ថវិកាសម្រាប់រយៈពេលបីឆ្នាំចុងក្រោយក្នុងអំឡុងពេលរដ្ឋបាល Bidenទាំងផែនការរយៈពេលវែង និងខ្លីទាំងអស់បានដាក់ចេញនូវគោលការកាត់បន្ថយទំហំនៃកងទ័ពជើងទឹក ដែលវាមានទិដៅផ្ទុយពីសកម្មភាពរបស់ចិនកំពុងមានដំណើរការកើនឡើង៕