កិច្ចសន្យាផលិតកម្មកសិកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម
ភ្នំពេញ៖ មន្ត្រីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កិច្ចសន្យាផលិតកម្មកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ជាពិសេសពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នារវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ។
លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចសន្យាផលិតកម្មកសិកម្ម អាចជួយឱ្យអ្នកផលិតនិងអ្នកទិញឈរលើគោលការណ៍ស្មើភាពគ្នានិងយុត្តិធម៌ ធានាមានភាពច្បាស់លាស់អំពីតម្លៃទីផ្សារ ការ ប្រមូលទិញនិងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាពតាមស្តង់ដារ ។
លោកបន្តថា កិច្ចសន្យាផលិតកម្មកសិកម្ម ក៏ជាការបង្ហាញភាពស្មោះត្រង់ ការទុកចិត្តគ្នាទៅវិញទៅមក ដោយអ្នកផលិត មានកម្លាំងចលករក្នុងការដាំដុះឬចិញ្ចឹមឱ្យបានច្រើននិងតាមស្តង់ដារដែលបានកំណត់ជាមួយភាគីអ្នកទិញ ហើយសម្រាប់អ្នក ប្រមូលទិញ គឺនឹងមានសង្ឃឹមថានឹងទទួលបានផលិតផលដែលមានគុណភាពនិងស្តង់ដារ ហើយក៏អាចបំពេញតម្រូវការទីផ្សារដែលបានទំនាក់ទំនងរួចរាល់ ដែលនេះធ្វើឱ្យខ្សែច្រវាក់ផលិតកម្មមានភាពស៊ីសង្វាក់គ្នា ។
លោកថ្លែងថា ៖ « កិច្ចសន្យាផលិតកម្មកសិកម្មគឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនដែលធ្វើការផលិតកសិផលកសិកម្មដែលទី១នោះ គេធានាបាននូវស្ថិរភាពតម្លៃ ទី២ ធានាបាននូវបរិមាណផ្គត់ផ្គង់ រួមទាំង គុណភាពនិងស្តង់ដារផលិតផល ទី៣ គឺធ្វើឱ្យផលិតផលរបស់យើងមានតម្រូវការទីផ្សារខ្ពស់ ទី៤ យើងធ្វើឲ្យបើកចំហទីផ្សារឲ្យមានភាពប្រកួតប្រជែង មានន័យថាគឺអាចប្រកួតប្រជែងផលិតផលរបស់យើងទៅក្នុងតំបន់ក៏ដូចជានៅក្រៅប្រទេស នៅពេលដែលយើងបានអនុវត្តការងារ កិច្ចសន្យាកសិកម្មនេះ » ។
លោកប្រធានរូបនេះ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវចេះរៀបចំផែនការដាំដុះឲ្យបានត្រឹមត្រូវ ប្រមូលផលជាប្រចាំ និងតម្រង់ទិសការលក់ដូរមានលក្ខណៈប្រមូលផ្ដុំគ្នា រហូតឈានដល់កិច្ចសន្យាមួយច្បាស់លាស់ជាមួយអ្នកទិញ ដែលហៅថា « កិច្ចសន្យាផលិតកម្មកសិកម្ម » ដើម្បីភាពរីកចម្រើន នៃវិស័យកសិកម្ម។
យោងតាមអនុក្រឹត្យស្តីពីផលិតកម្មកសិកម្ម តាមកិច្ចសន្យា ចុះថ្ងៃទី ២៤ ខែកុម្ភ ឆ្នាំ ២០១១ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័ននាំមុខក្នុងការទាក់ទង សម្របសម្រួល និងផ្តល់សេវាជំនាញតាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្កភាពងាយស្រួលដល់ការអភិវឌ្ឍផលិតផលកសិកម្មតាមកិច្ចសន្យា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងេសាទ ត្រូវធ្វើការតាមដាន វាយតម្លៃការងារទាំងនេះ នឹងធ្វើ របាយការណ៍ជូនរាជរដ្ឋាភិបាល។
បើតាមអនុក្រឹត្យនេះ គឺពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌។ ធានាឱ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាព ។ បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាមចេញផលិតផលកសិកម្ម និងរួមជំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕