គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ សម្រេចបានជាង ៩០%ហើយ
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងបច្ចុប្បន្ន សម្រេចលទ្ធផលបានជាង៩០%ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែលជាស្ពានធំមាន រហូតដល់ទៅ ៤គន្លង (២គន្លងទៅ និង២គន្លងមក) កំពុងត្រូវបានយកចិត្តទុកដាក់ពន្លឿនការស្ថាបនា ដោយរំពឹងថានឹងរួចរាល់ដំណាលគ្នា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណៈការ និងដឹក ជញ្ជូន។
ដោយឡែក ការចុះផ្សាយរបស់ក្រសួងនេះដែរធ្វើឡើងក្រោយពេលដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណៈការចុះទៅពិនិត្យគម្រោងធ្វេីឱ្យប្រសេីរឡេីងកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម ស្ពានវាងក្រុងពោធិ៍សាត់ និងការកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់លើដីចំណីផ្លូវ ក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៣ ខែកញ្ញាម្សិលមិញនេះ។
បើតាមការឱ្យដឹងបន្ថែមពីក្រសួង គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥នេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍ ពិសេសកាត់បន្ថយការកកស្ទះនៅទីប្រជុំជនក្រុងពោធិ៍សាត់។
ក្នុងនោះផងដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូក្រសួង ចុះត្រួតពិនិត្យគម្រោងកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់លើដីចំណីផ្លូវ មុខសាលារៀនជ្រៃបាក់ ក្នុងខេត្តកំពង់ឆ្នាំង ដែលជាគម្រោងសាកល្បង (Pilot Project) របស់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា JICA បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩។
គួរបញ្ជាក់ថា គម្រោងធ្វេីឱ្យប្រសេីរឡេីងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ជាគម្រោងដែលស្ថាបនាផ្លូវប្រវែង ៣៦៦គីឡូម៉ែត្រ នឹងឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ការស្ថាបនាគឺមានចំណុចចាប់ផ្ដើមចេញពីព្រែកក្តាម
និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យ៉ាងណាមិញ ក្នុងការសាងសង់ និងស្ថាបនា គេបានបែងចែកផ្លូវនេះជា៣កំណាត់គឺ
កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។
គម្រោងនេះផងដែរ មានទំហំទឹកប្រាក់សរុបប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក
ហើយដែលវានឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដូចជា៖ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕