Close

ក្រុមហ៊ុនចិន ចុះកិច្ចព្រមព្រៀងបោះទុន ១២,៧០០ លានដុល្លារជាមួយក្រុមហ៊ុននៅកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍ កសិ-ឧស្សាហកម្ម បែបពាណិជ្ជកម្មទំនើប

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រុមហ៊ុនចិន ចុះកិច្ចព្រមព្រៀងបោះទុន ១២,៧០០ លានដុល្លារជាមួយក្រុមហ៊ុននៅកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍ កសិ-ឧស្សាហកម្ម បែបពាណិជ្ជកម្មទំនើប ក្រុមហ៊ុនចិន ចុះកិច្ចព្រមព្រៀងបោះទុន ១២,៧០០ លានដុល្លារជាមួយក្រុមហ៊ុននៅកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍ កសិ-ឧស្សាហកម្ម បែបពាណិជ្ជកម្មទំនើប

ភ្នំពេញ៖ ក្រុមហ៊ុន DANONG Agricultural Development Group មកពីប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន៤ នៅកម្ពុជា សម្រាប់អភិវឌ្ឍគម្រោងកសិ-ឧស្សាហកម្ម បែបពាណិជ្ជកម្មទំនើប លើទំហំផ្ទៃដីប្រមាណជា ៧៥ម៉ឺនហិកតា និងគម្រោងទុនវិនិយោគចំនួន ១២,៧០០,០០០,០០០ដុល្លារអាមេរិក(ដប់ពីរពាន់ប្រាំពីរយលានដុល្លារអាមេរិក)នៅកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកកិច្ចព្រមព្រៀង នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នាសណ្ឋាគារ Hyatt Regency Phnom Penh លោក ZHAO SHUJIE ប្រធាន Danong Agricultural Development Group បានលើកឡើងថា ក្រុមហ៊ុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងលើការវិនិយោគជាមួយក្រុមហ៊ុនចំនួន ៤នៅកម្ពុជា រួមមាន ទី១.ក្រុមហ៊ុន Cambodia Agricultural Cooperative Alliance (CACA) ទី២.ក្រុមហ៊ុន Agri Bank Construction Land ទី៣. ក្រុមហ៊ុន Panagri International Farm Co,Ltd និង ទី៤. ក្រុមហ៊ុន Century Group Co,ltd។

លោក ZHAO SHUJIE បញ្ជាក់ថា សម្រាប់គម្រោងកសិ-ឧស្សាហកម្ម បែបពាណិជ្ជកម្មទំនើបនេះ គឺដំណាក់កាលទី១ នៃគម្រោងនេះ នឹងបង្កើតជាតំបន់គំរូមួយ នៅលើផ្ទៃដីប្រហែលជាង ១ម៉ឺនហិកតា ដែលក្នុងនោះ មានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ មានការចិញ្ចឹមសត្វគោយកជាសាច់ រួមទាំងការសាង សង់នូវរោងចក្រកែច្នៃ សម្រាប់ផលិតផលកសិកម្ម។ សម្រាប់ទីផ្សារធំនៃផលិតផលដែលផលិតបាននេះ គឺនៅប្រទេសចិន ខណៈនៅទីនោះ កំពុងមានតម្រូវការច្រើន ហើយការវិនិយោគនេះ ក៏នឹងបានជួយផងដែរដល់ពលរដ្ឋនៅកម្ពុជា ក្នុងការទទួលបានប្រាក់ចំណូលពីគម្រោងនេះ។

ចំណែក លោក WU ZHEN ប្រធានគណៈកម្មការយុទ្ធសាស្រ្ត ក្រុមហ៊ុនដាណុង បានថ្លែងថា ចំពោះគម្រោងកសិឧស្សាហកម្មបែបទំនើបនេះ ក្រុមហ៊ុនបានត្រៀមរួចជាស្រេចនូវដើមទុន បច្ចេកទេស អ្នកជំនាញ ព្រមទាំងគ្រាប់ពូជ ផងដែរ។ ភាពជោគជ័យនៃគម្រោងនេះគឺជាជោគជ័យរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន កើតចេញពីការវិនិយោគរបស់ដៃគូសហការទាំងអស់។

ជុំវិញបញ្ហានេះដែរ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុន Danong នេះ បានបង្ហាញពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា ចិន ព្រមទាំងការយកចិត្តទុកដាក់រវាងប្រទេសទាំងពីរ ក្នុងការជួយជំរុញវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា អោយកាន់តែរីកចម្រើន ។

លោកថ្លែងថា «ព្រោះតែពេញចិត្តក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុនកសិកម្មចិន Danong មកទល់ពេលនេះ បានចុះបញ្ជីពាណិជ្ជកម្មចំនួន ២រួចហើយ។ ចំពោះខ្ញុំគឺមានជំនឿទុកចិត្តលើក្រុមហ៊ុន ហើយបន្តគាំទ្រ និងទទួលស្វាគមន៍ពួកគាត់ដោយស្នាមញញឹមរាក់ទាក់ និងកក់ក្តៅបំផុត»។
លោកបន្ថែមទៀតថា៖«ពិតណាស់ កម្ពុជា មានសក្តានុពលអំណោយផល និងឱកាសធំធេងក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ដែលនាំមកនូវឱកាសការងារ ប្រាក់ចំណូលល្អសមរម្យ ដែលនឹងជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនប្រជាកសិករអោយកាន់តែល្អប្រសើរធូរធារមួយកម្រិតធំ»។

សូមរំលឹងផងដែរថា វិនិយោគិនចិន នៃក្រុមហ៊ុន Danong Agricultural Development Group បានមកដល់កម្ពុជា ចំនួន៣លើកមកហើយ និងបានសិក្សាពីស្ថានភាពដី សម្រាប់ធ្វើការវិនិយោគលើវិស័យកសិកម្មចំនួនជាង១០ថ្ងៃ ដែលបានចុះធ្វើការសិក្សានៅខេត្តកំពត, ខេត្តកំពង់ធំ, ខេត្តសៀមរាប,ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយក្រុមហ៊ុនបានបញ្ជាក់ពីគម្រោងវិនិយោគលើវិស័យកសិកម្ម ដែលហៅថា Smart Agricultural លើទំហំផ្ទៃដីប្រមាណជា ៧៥ម៉ឺនហិកតា និងគម្រោងទុនវិនិយោគចំនួន ១២,៧០០,០០០,០០០ដុល្លារអាមេរិក(ដប់ពីរពាន់ប្រាំពីរយលានដុល្លារអាមេរិក) ។

ក្រោយពីបានចុះជួបពិភាក្សាជាមួយអាជ្ញាធរខេត្ត និងបានស្វែងយល់ពីអំណោយផល និងនិងសក្តានុពលវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុន Danong បានសម្រេចចិត្តចុះបញ្ជីក្រុមហ៊ុនចំនួន២ នៅក្រសួងពាណិជ្ជកម្ម៕

អត្ថបទទាក់ទង