Close

គ.ជ.ប ផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយដើម្បីឱ្យពលរដ្ឋពិនិត្យឈ្មោះរបស់ខ្លួន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គ.ជ.ប ផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយដើម្បីឱ្យពលរដ្ឋពិនិត្យឈ្មោះរបស់ខ្លួន គ.ជ.ប ផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយដើម្បីឱ្យពលរដ្ឋពិនិត្យឈ្មោះរបស់ខ្លួន

ភ្នំពេញ ៖ នៅមុនបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  (គ.ជ.ប) ចាប់ធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយនេះ (បញ្ជីបោះឆ្នោត ឆ្នាំ២០២២) តាមមធ្យោបាយមួយចំនួនជូនប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។

ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ មានចំនួន ៩.៧១០.៦៥៥ (ប្រាំបួនលាន ប្រាំពីររយដប់ពាន់ ប្រាំមួយរយហាសិបប្រាំ) នាក់ ក្នុងនោះស្រ្តីមានចំនួន ៥.១៦១.៩០៩ (ប្រាំលាន មួយរយហុកសិបមួយពាន់ ប្រាំបួនរយប្រាំបួន) នាក់។

ឯកឧត្តមបញ្ជាក់ទៀតថា គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយនេះ (បញ្ជីបោះឆ្នោត ឆ្នាំ២០២២) តាមមធ្យោបាយមួយចំនួន ដូចជា នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.khនិងតាមរយៈកម្មវិធីទូរសព្ទដៃ App (NEC KH) , លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និង ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច១០ (ដប់) ថ្ងៃមុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្នុងឆ្នាំនេះការបិទផ្សាយត្រូវធ្វើនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមឯកឧត្តម  នុត សុខុម ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ៕

អត្ថបទទាក់ទង