អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទព្រហ្មកិល ឱ្យមានភាពរឹងមាំឡើងវិញ
ភ្នំពេញ ៖ ក្រុមការងារជំនាញនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាចាប់ផ្ដើមបន្តការងារជួសជុលប្រាសាទព្រហ្មកិល ដើម្បីធ្វើយ៉ាងណាឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូល អាចងើបឈររឹងមាំឡើងវិញ។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៣។
លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឱ្យដឹងថា ប្រាសាទព្រហ្មកិលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយថ្មខ្លះធ្លាក់កប់ដី និងនៅរាយប៉ាយ ហើយតួប៉មកណ្តាលបានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ ដើម្បីឱ្យរចនាសម្ព័ន្ធនៃប្រាសាទ បានរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញស្ថានភាពខូចរាល់រួចរាល់ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងធ្វើការងារជួសជុលប្រាសាទព្រហ្មកិល ដោយចាប់ផ្តើមពីចុងខែសីហា ឆ្នាំ២០២៣មក ។
លោកបានបន្តទៀតថា ឈានចូលមកដល់ដំណាក់កាលនេះ ក្រុមអ្នកជំនាញបានបន្តធ្វើកំណាយបុរាណវិទ្យា ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធ ផ្នែកខាងក្នុងនៃខឿនប្រាសាទ សិក្សាអំពីកម្ពស់ និងស្ថានភាពស្រុតរបស់ប្រាសាទ។ ទើបចាប់ផ្តើមចុះលេខរបស់ថ្ម រួចរើថ្មមួយចំនួនដែលនៅសល់ទាំងពីរជ្រុង គឺជ្រុងខាងកើត និងខាងជើង រួចបង់លេខថ្មទៅតាមស្រទាប់នីមួយៗ ដើម្បីរើចេញ ទើបចាប់ផ្តើមពង្រឹងគ្រឹះតាំងពីក្រោម ឡើងទៅដល់ខាងលើ។
លោក ម៉ៅ សុខនី បានបញ្ជាក់ទៀតថា បន្ទាប់ពីរើថ្មដល់ខឿនគ្រឹះប្រាសាទរួចរាល់ អ្នកជំនាញនិងសិក្សាបន្ថែមទៀតអំពីស្រទាប់ថ្ម ដើម្បីដឹងថា ផ្នែកណាមួយស្រុតខ្លាំងជាងគេ ឬពុកផុយជាងគេ ទើបចាប់ផ្តើមធ្វើការពង្រឹងខឿនគ្រឹះ ដោយបន្ថែមថ្មបាយក្រៀមថ្មី ជំនួសថ្មចាស់ដែលពុកផុយ ។ បើទោះបីជាយកថ្មីខ្លះៗ មកជំនួសថ្មចាស់ ប៉ុន្តែអ្នកជំនាញនឹងព្យាយាមធ្វើយ៉ាងណា ជួសជុលខឿនគ្រឹះរបស់ប្រាសាទ ទៅតាមលំនាំដើម។
សូមបញ្ជាក់ថា ប្រាសាទព្រហ្មកិល ជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តសករាជ ប្រាសាទតូចមួយនេះ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕