Close

យុវជនមួយក្រុម សហការគ្នាកែច្នៃដូងក្រអូបទៅជាការ៉េម ជួយជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
យុវជនមួយក្រុម សហការគ្នាកែច្នៃដូងក្រអូបទៅជាការ៉េម ជួយជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក យុវជនមួយក្រុម សហការគ្នាកែច្នៃដូងក្រអូបទៅជាការ៉េម ជួយជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក

ផ្ដើមចេញពីការមើលឃើញវត្ថុធាតុដើមក្នុងស្រុកច្រើន ប៉ុន្តែការកែច្នៃមានលក្ខណៈតិចតួចនៅ​ឡើយ យុវជនមួយក្រុមបានសហការគ្នាក្នុងការកែច្នៃដូងក្រអូបទៅជាផលិតផលខុសៗគ្នា។ ក្នុងចំណោមផលិតផលទាំងនោះ ផលិតផលការ៉េមដូងក្រអូបជាផលិតផលដែលមានការពេញនិយមពីអតិថិជន ច្រើនជាងគេ។

កញ្ញា ចៅ លីហ្វាង ដែលជាសហស្ថាបនិកផលិតផលការ៉េមដូងក្រអូប ហ្វីបកូកូ FYFTH-COCO ម្នាក់​ក្នុងចំណោមយុវជនផ្សេងទៀតបានរៀបរាប់ឱ្យដឹងថា គំនិតចាប់ផ្ដើមក្នុងការធ្វើអាជីវកម្មកែច្នៃ ដូងក្រអូបនេះជាគំនិតរបស់មិត្តភក្កិ ដែលបច្ចុប្បន្នជាស្ថានិករបស់ហ្វីបកូកូ។

កញ្ញាបានរៀបរាប់បន្តទៀតថា មិត្តភក្កិរូបនេះចេញពីក្រុមគ្រួសារកសិករ ដែលដាំដុះដូងក្រអូបនៅក្នុងខេត្តសៀមរាប។ ដោយយល់ថា ខ្លួនមានវត្ថុធាតុដើមស្រាប់ផង ក្រុមរបស់កញ្ញាក៏ចាប់ផ្ដើមសាកល្បងកែច្នៃដូងក្រអូបទាំងនោះទៅជាការ៉េមដូង។

ក្នុងការចាប់ផ្ដើមដំបូងៗ កញ្ញាបានឱ្យដឹងថា វាមានការលំបាកច្រើន ដោយសារតែទំនោរគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាជនខ្មែរនៅមានកម្រិតនៅឡើយ។ ម្យ៉ាងទៀត ដោយសារតែកាលណោះ កញ្ញា និងមិត្តភក្កិមិនទាន់បានស្វែងយល់ពីវិធីកាត់បន្ថយថ្លៃដើមផង ទើបផលិតផលការ៉េមរបស់ខ្លួនត្រូវលក់ក្នុងតម្លៃថ្លៃជាងទីផ្សារ។

ប៉ុន្តែដោយចិត្តស្រឡាញ់ និងការដាក់ចក្ខុវិស័យវែងឆ្ងាយចំពោះអាជីវកម្មនេះ កញ្ញា និងមិត្តភក្កិបានផ្លាស់ប្ដូររបៀបក្នុងការធ្វើអាជីវកម្ម ដោយព្យាយាមដើរតាមទំនោរសង្គមវិញ។ ក្រោយពីការសម្របខ្លួនជាមួយទីផ្សារបែបនេះ កញ្ញាបានសង្កេតឃើញការគាំទ្រមានការកើនឡើងគួរសម។

កញ្ញា ចៅ លីហ្វាង បានរៀបរាប់ថា៖ «ចំណុចពិសេសរបស់យើងគឺរសជាតិការ៉េមរបស់យើង ដែលឈ្ងុយដូងក្រអូប ពេលហូបទៅ គឺបានទាំងរសជាតិដូងក្រអូប បានទាំងការ៉េម…ម្យ៉ាងទៀត ដោយសារតែយើងមានការសហការជាមួយចុងភៅចេញពីភោជនីយដ្ឋានល្បីៗក្នុងខេត្តសៀមរាប ផង ទើបយើងធានាលើរសជាតិយើងតែម្ដង»។

ត្រង់ចំណុចនេះ​ កញ្ញាបានបញ្ជាក់បន្ថែមថា ក្នុងរយៈកាលកូវីដដែលវិស័យទេសចរណ៍រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អ្នកបម្រើការក្នុងវិស័យបដិសណ្ឋារកិច្ចក៏មានការប៉ះពាល់ទៅតាមនោះផងដែរ។ ដូច្នេះហើយ កិច្ចសហការគ្នាក្នុងការកែច្នៃម្ហូបអាហារបែបនេះ គឺជារឿងល្អមួយដែលអាចជួយគ្នាបានទៅវិញទៅមក។

ដោយឡែក ការណ៍ដែលអាជីវកម្មកញ្ញាអាចឈរជើងមកដល់សព្វថ្ងៃនេះ គឺមានមួយផ្នែកធំចេញពីវត្ថុធាតុដើមដែលមានស្រាប់។ ដូច្នេះ បើទោះជាស្ថានភាពសេដ្ឋកិច្ចលំបាកយ៉ាងណា ក៏ផលិតកម្ម ផលិតការ៉េមនេះនៅតែដំណើរការ។

មកដល់បច្ចុប្បន្ននេះដែរ កញ្ញាមានបុគ្គលិកប្រមាណជា១០នាក់ សម្រាប់ធ្វើការក្នុងសិប្បកម្ម ដើម្បីផលិតចេញជាផលិតផលផ្សេងៗគ្នា។

ត្រង់ចំណុចនេះ កញ្ញាបានគូសបញ្ជាក់ថា៖ «ចំពោះផលិតផល ឥឡូវនេះយើងមានការ៉េមដូង ជាប្រអប់សម្រាប់គាត់ដួស ចាហួយដូង និងប្រភេទកែវសម្រាប់កាន់ញុំាតូចៗ ហើយបច្ចុប្បន្នយើង​មានដាក់ជា​ទូការ៉េមនៅក្នុងភោជនីយដ្ឋាន តែផលិតផលដែលល្បីល្បាញជាងគេគឺ ការ៉េមដែលដាក់​ក្នុងផ្លែដូង»។

ក្នុងនោះដែរ ក្រុមយុវជនខាងលើបានកំណត់យកទីផ្សារគោល​ដៅចំនួន៥គឺ ខេត្តសៀមរាប ភ្នំពេញ ព្រះសីហនុ កំពត និងប៉ោយប៉ែត។

សម្រាប់កញ្ញា បើទោះជាអាជីវកម្មរបស់ខ្លួនមិនទាន់ជោគជ័យក្នុងកម្រិតតាមការចង់បានរបស់ខ្លួន នៅឡើយក្ដី ប៉ុន្តែកញ្ញានៅតែមាន​សុទិដ្ឋិនិយម​ក្នុងការបន្តខិតខំប្រឹងប្រែងថែមទៀត ដើម្បីរុញ​អាជីវកម្ម​នេះទៅ​កាន់ទីផ្សារឱ្យកាន់តែទូលាយជាងបច្ចុប្បន្ន។​ ម្យ៉ាងទៀត អាជីវកម្មកញ្ញានិងមិត្តភក្កិ បានរួមចំណែក មួយផ្នែកទៅដល់កសិករដែលជាអ្នកដាំដុះ និងជាពិសេសចូលរួមក្នុងការបណ្ដុះ​ស្មារតីប្រជាជនឱ្យ មានគំនិតកែច្នៃវត្ថុធាតុដើមកសិកម្មជាច្រើនប្រភេទទៀត៕

អត្ថបទទាក់ទង