Close

បារាំង កំពុងត្រៀមផែនការជ្រៀតជ្រែកបញ្ហាប្រទេសនីហ្សៀដោយប្រើប្រាស់កម្លាំងយោធា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បារាំង កំពុងត្រៀមផែនការជ្រៀតជ្រែកបញ្ហាប្រទេសនីហ្សៀដោយប្រើប្រាស់កម្លាំងយោធា បារាំង កំពុងត្រៀមផែនការជ្រៀតជ្រែកបញ្ហាប្រទេសនីហ្សៀដោយប្រើប្រាស់កម្លាំងយោធា

បរទេស ៖ រដ្ឋាភិបាលនៃប្រទេសនីហ្សៀដែលកំពុងគ្រប់គ្រងដោយកងម្លាំងយោធានោះបានអះអាងថា រដ្ឋាភិបាលទីក្រុងប៉ារីសកំពុងបន្តដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅតាមបណ្តាប្រទេសនៃប្លុក ECOWAS ជាច្រើន។

សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយមេដឹកនាំយោធានៃប្រទេសនីហ្សៀបានបញ្ជាក់ថា រដ្ឋាភិបាលបារាំងកំពុងរៀបចំផែនការក្នុងការធ្វើអន្តរាគមន៍ចូលក្នុងបញ្ហារបស់ខ្លួនតាមរយៈការដាក់ពង្រាយកងទ័ពជាច្រើនទៅកាន់បណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់។

ព័ត៌មាននេះបានកើតឡើងនៅក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសនីហ្សៀ និងបារាំងដែលធ្លាប់ជាប្រទេសដាក់អាណានិគមរបស់ខ្លួនកាលពីអតីតកាលនោះកំពុងស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំងចាប់តាំងតែពីពេលមានព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារដោយយោធាកាលពីខែកក្កដា។


ទោះបីជាយ៉ាងណាក្តី កន្លងមកទាំងប្លុកអាហ្វ្រិកខាងលិច ឬ ECOWAS បាន​គំរាម​ធ្វើ​អន្តរាគមន៍យោធានៅ​ក្នុង​ប្រទេសនីហ្សៀ​ដើម្បី​ស្ដារអំណាចឲ្យ​ប្រធានាធិបតីស្របច្បាប់ លោក Mohamed Bazoum ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ឲ្យត្រឡប់មក​កាន់​តំណែងចាស់វិញ ហើយទាំងមន្ត្រីកំពូលរបស់បារាំងក៏បានថ្លែងការណ៍ជាច្រើនដងដូចគ្នាដែរហើយថា រដ្ឋាភិបាលទីក្រុងប៉ារីសនឹងគាំទ្រសកម្មភាពយោធារបស់ប្លុកដើម្បីធ្វើកិច្ចការងារមួយនេះ។

មេដឹកនាំ​យោធា​នៃប្រទេសនីហ្សៀក៏​ធ្លាប់​បាន​រិះគន់ខ្លាំងៗរួចមកហើយចំពោះ​វត្តមាន​ទាហាន​បារាំង​ក្នុង​ប្រទេសទាំង​នេះ​ថា​ជាសកម្មភាពខុសច្បាប់ ហើយ​បាន​ទាមទារ​ឱ្យ​ពួកគេ​ដកទ័ពចេញជាបន្ទាន់ដែរ។

ជាមួយគ្នានេះនៅពេលថ្លែងក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ដោយសារប្រទេសរបស់គាត់មិនទទួលស្គាល់រដ្ឋាភិបាលយោធានីហ្សៀ ដូច្នេះ ការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនឡើងវិញអាចនឹងត្រូវបានធ្វើឡើង ស្របទៅតាមសំណើរបស់ប្រធានាធិបតី Bazoum ប៉ុណ្ណោះ៕

អត្ថបទទាក់ទង