Close

ម៉ាស៊ីនស្ទូងចំនួន១០គ្រឿងត្រូវបានផ្តល់ជូនសហគមន៍ផលិតស្រូវពូជខេត្តសៀមរាប

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ម៉ាស៊ីនស្ទូងចំនួន១០គ្រឿងត្រូវបានផ្តល់ជូនសហគមន៍ផលិតស្រូវពូជខេត្តសៀមរាប ម៉ាស៊ីនស្ទូងចំនួន១០គ្រឿងត្រូវបានផ្តល់ជូនសហគមន៍ផលិតស្រូវពូជខេត្តសៀមរាប

សៀមរាប៖ ម៉ាស៊ីនស្ទូងស្រូវម៉ាក្សអង្គរចំនួន១០គ្រឿង ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសហគមន៍ផលិតស្រូវពូជចំនួន១០ក្នុងខេត្តសៀមរាប ដែលមានដីស្រែនៅក្បែរតំបន់បឹងទន្លេសាប ដើម្បីជួយជំរុញផលិតកម្មស្រូវក្នុងខេត្តសៀមរាបកាន់តែមានគុណភាពល្អ ទទួលបានទិន្នផលខ្ពស់សមស្របទៅតាមទីផ្សារនាំអង្ករចេញរបស់កម្ពុជា។

ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ  ថ្លែងក្នុងពេល នាំយកមម៉ាស៊ីនស្ទូងស្រូវនេះជូនសហគមន៍ នាពេលថ្មីៗកន្លងមកនេះឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនចំនួន១០០គ្រឿងតាមរយៈក្រសួងកសិកម្មសម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីយកទៅផ្តល់ជូនដល់សហគមន៍ផលិតស្រូវ នៃបណ្តាខេត្តជុំវិញបឹងទន្លេសាបដែលមានសក្តានុពលលើផលិតកម្មស្រូវ

ឯកឧតុ្តមបានមានប្រសាសន៍បន្តថា ម៉ាស៊ីននេះផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករក៏ដូចជាប្រជាសហគមន៍ ផលិតពូជស្រូវប្រកបដោយគុណភាពខ្ពស់ កាត់បន្ថយការប្រើកម្លាំងពលកម្ម ប្រើពូជតិច ចំណាយតិចលើការប្រើទឹក ជីនិងថ្នាំសម្លាប់សត្វល្អិត លើសពីនេះជួយពន្លឿនដល់ការផលិតពូជស្រូវ និងដើមសន្ទូងមានជួររបៀបជាចាំបាច់។ពាក់ព័ន្ឋទៅនឹងដំណាក់កាលនៃការសាកល្បង ពង្រឹងសមត្ថភាព សម្រាប់ក្រុមនិស្សិតស្ម័គ្រចិត្តវិស័យកសិកម្ម របស់គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវនិងការនាំចេញអង្ករប្រកបដោយគុណភាពនៃក្រសួងកសិកម្ម ។

ឯកឧត្តមបន្ថែមថាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ នឹងដាក់ពង្រាយអ្នកកសិកម្មតាមឃុំនៅទូទាំងប្រទេសចំនួន ១,៦០០នាក់ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសជួយក្នុងផលិតកម្មសេដ្ឋកិច្ចកសិកម្ម សំដៅជួយប្រជាពលរដ្ឋឱ្យផលិតមានគុណភាពល្អ មានថ្លៃដើមទាប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយវិស័យកសិកម្មនៅកម្ពុជាឱ្យមានសន្ទុះកើនឡើង។

បើតាម ឯកឧត្តម ឡឹក សុធារ  ក្នុងនោះសម្រាប់ខេត្តសៀមរាប មាននិស្សិតស្ម័គ្រចិត្តចំនួន១០នាក់ ដែលអ្នកខ្លះកំពុងសិក្សាឆ្នាំទី២ ទី៣ ឬជិតនឹងបញ្ចប់នៃសាកលវិទ្យាល័យកសិកម្ម ពេលនេះស្ថិតក្នុងដំណាក់កាលសាកល្បង ពួកគាត់នឹងចុះក្នុងម្នាក់មួយឃុំៗ ដើម្បីពង្រឹងសមត្ថភាព ធ្វើការជួយប្រមូលទិន្នន័យទាក់ទងនឹងស្ថានភាពផលិតកម្មគ្រាប់ពូជស្រូវ ស្រូវចំណី ណែនាំប្រជាកសិករឱ្យប្រើពូជសុទ្ឋល្អ ពង្រាបដីឲ្យស្មើល្អ គាំទ្របច្ចេកទេស និងជួយរៀបចំផែនការផលិតកម្មដល់សហគមន៍កសិកម្ម និងកសិករដែលជាអ្នកដាំដុះនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។

ឯកឧត្តម ឡឹក សុធារ បន្តទៀតថា ការជ្រើសរើសក្រុមនិសិ្សតស្ម័គ្រចិត្តនេះក្នុងគោលបំណងដើម្បីជួយគាំទ្របច្ចេកទេសដល់សហគមន៍កសិកម្ម ដែលផលិតគ្រាប់ពូជស្រូវ និងផលិតស្រូវចំណី ជួយរៀបចំផែនការផលិតកម្ម និងសម្រប សម្រួលការធ្វើកិច្ចសន្យាកសិកម្ម រវាងអ្នកផលិតគ្រាប់ពូជស្រូវ ជាមួយសហគមន៍ផលិតស្រូវចំណី និង រវាងអ្នកផលិតស្រូវចំណី ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឬអ្នកនាំចេញ។ការសាកល្បងនេះគ្រោងរយៈពេល១ឆ្នាំប៉ុន្តែអាចមានការប្រែប្រួលទៅតាមសមត្ថភាពរបស់ពួកគាត់ម្នាក់ៗ៕

អត្ថបទទាក់ទង