ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ៖ កម្ពុជា មានសក្តានុពល និងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ
ហ្សាការតា ៖ លោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាជាប្រទេសដែលមានសក្តានុពល និងកំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ ហើយសង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញឱ្យវិស័យឯកជនបំពេញតួនាទីរបស់ខ្លួនកាន់តែសកម្ម និងអាចរីកលូតលាស់ថែមទៀត។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតានៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយលោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ។
នៅក្នុងជំនួបនេះ លោកសាស្រ្តាចារ្យ បានអបអរសាទរចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ជាកិច្ចឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរ និងការសួរសុខទុក្ខនេះ និងបានថ្លែងអំណរគុណផងដែរ ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្រ្តាចារ្យមកកម្ពុជា កាលពីឆ្នាំទៅ នាអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជាទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, ក៏ដូចជាការណ៍ដែលវេទិកាសេដ្ឋកិច្ចពិភពលោកចូលរួមលើកកម្ពស់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តាប្រទេសទាំងអស់, ដោយរាប់ទាំងកម្ពុជា នៅក្នុងបរិការណ៍ដ៏លំបាក និងមិនច្បាស់លាស់កន្លងមក។
ជាកិច្ចឆ្លើយតប លោកសាស្រ្តាចារ្យបានបញ្ជាក់ថា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំទៅ លោកសាស្រ្តាចារ្យ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាជាប្រទេសដែលមានសក្តានុពល និងកំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ។ ទន្ទឹមនេះ លោកសាស្រ្តាចារ្យ បានបង្ហាញពីបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់។
សម្តេចធិបតី បានស្វាគមន៍ចំពោះបំណងដ៏ល្អនេះ និងបានលើកឡើងអំពីសង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នាបានរវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសត្រង់ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជនឱ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងស្មារតីនេះដែរ រាជរដ្ឋាភិបាលនឹងរៀបចំវេទិកាសាធារណៈរវាង រាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងខែវិច្ឆិកាខាងមុខ, ដែលសម្រាប់ករណីនេះ លោកសាស្រ្តាចារ្យ សង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញឱ្យវិស័យឯកជនបំពេញតួនាទីរបស់ខ្លួនកាន់តែសកម្ម និងអាចរីកលូតលាស់ថែមទៀត។
មុននឹងបញ្ចប់ លោកសាស្រ្តាចារ្យបានគោរពអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះ។ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញនេះ ហើយសម្តេចធិបតី នឹងពិនិត្យលទ្ធភាពចូលរួម ដោយមានគណៈប្រតិភូ និងសមាគមធុរកិច្ចកម្ពុជាចូលរួមអមជាមួយផងដែរ៕