កម្ពុជា-សិង្ហបុរី នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងវិស័យដែលមានសក្ដានុពល
ភ្នំពេញ ៖ កម្ពុជា និងសិង្ហបុរីបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ពិសេសផ្តោតលើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និងការពារជាតិ។
នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម លី សៀនលុង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចមហាបវរធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានរំលឹកប្រកបដោយមនោសញ្ចេតនាអំពីពេលចុងក្រោយដែល ឯកឧត្តម បានជួបសម្តេចមហាបវរធិបតីកាលពីឆ្នាំ២០១៨។
ជាកិច្ចឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរនេះ ក៏ដូចជាការដែលសិង្ហបុរីជាប្រទេសទី១ ដែលបានផ្ញើលិខិតអបអរសាទរជូនចំពោះ សម្តេចមហាបវរធិបតី ។ ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី បានបង្ហាញនូវសេចក្ដីរីករាយចំពោះទំនាក់ទំនងដ៏យូរអង្វែង និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ, ជាពិសេស វិស័យការពារជាតិ និង វិស័យអប់រំ ដែលសិង្ហបុរីតែងបានផ្តល់នូវជំនួយបច្ចេកទេស ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់កម្ពុជា ។
ជាកិច្ចបន្ទាប់ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរី ផងដែរ។
សម្តេចមហាបវរធិបតី បានសម្តែងនូវបំណងរបស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ, ជាពិសេស ពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម លី សៀនលុង បានឯកភាពក្នុងពិនិត្យលើលទ្ធភាពនៃការបន្តផ្តល់ការគាំទ្របច្ចេកទេស និង ការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និង យោធា ហើយឯកឧត្តមក៏បានអញ្ជើញ សម្តេចមហាបវរធិបតី មកធ្វើទស្សនកិច្ចនៅសិង្ហបុរីក្នុងពេលឆាប់ៗខាងមុខ៕