Close

ក្រសួងពាណិជ្ជកម្មបន្តជំរុញការលក់ផលិតផលខ្មែរនៅតាមស្ថានីយប្រេងឥន្ធនៈ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មបន្តជំរុញការលក់ផលិតផលខ្មែរនៅតាមស្ថានីយប្រេងឥន្ធនៈ ក្រសួងពាណិជ្ជកម្មបន្តជំរុញការលក់ផលិតផលខ្មែរនៅតាមស្ថានីយប្រេងឥន្ធនៈ

ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះបានចេញសេចក្ដីជូនដំណឹងមួយ ដោយសំដៅជំរុញដល់ការ​លក់ផលិតផលខ្មែរឱ្យកាន់តែច្រើន នៅតាមស្ថានីយប្រេងឥន្ធនៈតាមបណ្ដារាជធានីខេត្ត។ ការបន្តជំរុញរបស់ក្រសួងនេះផងដែរធ្វើឡើងក្រោយការអនុវត្តត្រូវបានធ្វើឡើងចប់រួចរាល់សម្រាប់​ដំណាក់កាលទី១ហើយ។

សម្រាប់លើកនេះគឺស្ថិតក្នុងដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣ ​នៃការលក់ផលិតផលខ្មែរ​ដែលស្ថិតក្រោមកម្មវិធី​ស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេង​ឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត។

ដោយឡែក តាមរយៈសេចក្ដីជូនដំណឹងនោះ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា គម្រោងជំរុញការលក់​ផលិតផល​ខ្មែរ​ក្រោម​កម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយ​ប្រេងឥន្ធនៈ​ភីធីធីតាម បណ្តារាជធានី-ខេត្ត ធ្វើឡើងក្នុងគោលបំណងជួយជ្រោមជ្រែងលើក​កម្ពស់ផលិតផល​ខ្មែរដែលជា​ផលិត​ផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍​សហគមន៍។

គម្រោងនេះជាការសហការគ្នារវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម​ ជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) និងបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩។

ដោយឡែក ភាគីទាំងពីរនឹងបន្ដអនុវត្ដគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល ក្នុងរាជធានី-ខេត្ដ ចំនួន ១១ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១២។

ស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១២ នៅតាមបណ្ដាខេត្តនេះរួមមានដូចជា៖ ស្ថានីយប្រេងឥន្ធនៈ​ភីធីធីព្រៃកីរាជធានីភ្នំពេញ ស្ថានីយប្រេងឥន្ធនៈភីធីធីអូរចារខេត្ដបាត់ដំបង ស្ថានីយប្រេងឥន្ធនៈ​ភីធីធីផ្ដៅជុំ២ (ស្គន់) ខេត្ដកំពង់ចាម ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ស្ថានីយប្រេងឥន្ធនៈភីធីធីឧដ្ដុង្គ និងក្រុងកំពង់ឆ្នាំង ស្ថានីយប្រេងឥន្ធនៈភីធីធី​បន្ទាយមានជ័យ ស្ថានីយប្រេងឥន្ធនៈភីធីធី​ក្រុងស្វាយរៀង ស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ ខេត្ដព្រៃវែង ស្ថានីយប្រេង​ឥន្ធនៈ​ភីធីធីក្រចេះក្រុង ស្ថានីយប្រេងឥន្ធនៈភីធីធីឃ្លាំងលើ ខេត្ដព្រះសីហនុ និងនៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មីខេត្ដស្ទឹងត្រែង។

ក្នុងការចូលរួមដាក់តាំងលក់ផលិតផលខ្មែរនេះដែរ អាចរួមមានជាប្រភេទ៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម៕

អត្ថបទទាក់ទង