Close

អាហ្វ្រិក បដិសេធការចោទប្រកាន់របស់អាមេរិកថា បានលួចផ្កត់ផ្គង់អាវុធឲ្យរុស្ស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាហ្វ្រិក បដិសេធការចោទប្រកាន់របស់អាមេរិកថា បានលួចផ្កត់ផ្គង់អាវុធឲ្យរុស្ស៊ី អាហ្វ្រិក បដិសេធការចោទប្រកាន់របស់អាមេរិកថា បានលួចផ្កត់ផ្គង់អាវុធឲ្យរុស្ស៊ី

បរទេស ៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa កាលពីពេលថ្មីៗនេះបានអះអាងហើយថា រដ្ឋាភិបាលលោកបានព្យាយាមអស់ពីលទ្ធភាពហើយក្នុងការស៊ើបអង្កេតករណីចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកថាអាហ្វ្រិកខាងត្បូងបានលួចផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ីនោះ ប៉ុន្តែមកទល់ពេលនេះគឺរកមិនឃើញភស្តុតាងណាមកដាក់បន្ទុកបាននោះឡើយ។

ជាការឆ្លើយតបទៅនឹងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាហ្វ្រិកខាងត្បូង Reuben Brigety ដែលបានចោទប្រកាន់រដ្ឋាភិបាលទីក្រុង Pretoria កាលពីខែឧសភាថា បានផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវជាច្រើនដល់ប្រទេសរុស្ស៊ីនោះ លោកបានអះអាងថា អាវុធទាំងនោះត្រូវបានដឹកជញ្ជូនតាមកប៉ាល់ដឹកទំនិញមួយដែលមានឈ្មោះថា Lady R នៅក្នុងកំពង់ផែ Simon’s Townអំឡុងខែធ្នូ ឆ្នាំ២០២២។

ការចោទប្រកាន់នេះបានធ្វើឲ្យលោក Brigety ត្រូវបានកោះហៅដោយក្រសួងការបរទេសអាហ្វ្រិកខាងត្បូង ខណៈដែលប្រធានាធិបតី Ramaphosa បានរិះគន់សហរដ្ឋអាមេរិកថាបានធ្វើឱ្យប៉ះពាល់ស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

មេដឹកនាំរូបនេះបានបញ្ជាក់ហើយថា មកទល់ពេលនេះនៅមិនមានភស្តុតាងណាដើម្បីគាំទ្រការចោទប្រកាន់ដោយបេសកជនអាមេរិករូបនោះទេ ទោះបីជារូបលោកផ្ទាល់បានសន្យាបើកការស៊ើបអង្កេតក៏ដោយ។

ក្នុងនោះផងដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ក៏ចេញមកប្រតិកម្មដោយបានណែនាំឲ្យលោក Brigety គួរងាកទៅគិតគូរអំពីបញ្ហារបស់អាមេរិកជំនួសវិញ ហើយមិនគួរជ្រៀតជ្រែកក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្រីតូរីយ៉ាឡើយ។

កាលពីចុងសប្តាហ៍កន្លងមកនេះលោក Ramaphosa បានប្រកាសច្បាស់ហើយថា រដ្ឋាភិបាលអាហ្វ្រិកមិនបានរកឃើញភស្តុតាងណាមួយដែលថាទំនិញជាសព្វាវុធត្រូវបានផ្ទុកនៅលើកប៉ាល់ Lady R ហើយលោកបានបន្ថែមថា ការចោទប្រកាន់នេះបានធ្វើឱ្យខូចដល់សេដ្ឋកិច្ចរបស់ប្រទេសអាហ្រ្វិកខាងត្បូង និងជំហរសកល ហើយលើសពីនេះអ្នកនៅពីក្រោយការចោទប្រកាន់នោះក៏មិនអាចផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រករណីនេះដែរ។

រំលឹកឡើងវិញថា អាហ្រ្វិកខាងត្បូងមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីតាំងពីសម័យសូវៀតមកម្ល៉េះ ហើយអាហ្វ្រិកបានប្រកាសថាខ្លួននឹងប្រកាន់ជំហអព្យាក្រឹតភាពនៅក្នុងជម្លោះអ៊ុយក្រែន ប៉ុន្តែបានចោទប្រកាន់លោកខាងលិចថាបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាច្រើនតាមរយៈការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងទៅនឹងទីក្រុងមូស្គូ៕

អត្ថបទទាក់ទង