Close

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឲ្យមានការបណ្តុះកូនឈើឲ្យបានយ៉ាងតិច១០ម៉ឺនដើមក្នុង១ឆ្នាំ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ សង្គម
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឲ្យមានការបណ្តុះកូនឈើឲ្យបានយ៉ាងតិច១០ម៉ឺនដើមក្នុង១ឆ្នាំ រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឲ្យមានការបណ្តុះកូនឈើឲ្យបានយ៉ាងតិច១០ម៉ឺនដើមក្នុង១ឆ្នាំ

ភ្នំពេញ : ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញមន្ទីរបរិស្ថានត្រូវបង្កើនការបណ្តុះកូនឈើ យ៉ាងហោចណាស់ឲ្យបាន១០ម៉ឺនដើម ក្នុង១ឆ្នាំ ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងបានដាំដុះស្តារព្រៃឈើ ពង្រីកវិសាលភាពព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ដាំឈើនៅតាមសហគមន៍ តាមភូមិដ្ឋាន ក៏ដូចជានៅតាមផ្ទះជាដើម។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនៅពេល ឯកឧត្តម រដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង កាលពីរសៀលថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់មិនត្រូវទៅដាំដើមឈើដោយខ្លួនឯងនោះទេ គឺត្រូវការចាំបាច់ អប់រំផ្សព្វផ្សាយ និងការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យចូលរួមដាំកូនឈើ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា ការដាំឈើជួយឲ្យសហគមន៍ធានាបានអព្យាក្រឹតការបូន និងបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ បន្ទាប់មកសហគមន៍អាចរកចំណូលមកអភិវឌ្ឍន៍មូលដ្ឋាន បានពីការលក់ឥណទានកាបូន និងការអភិវឌ្ឍន៍ជីវភាព តាមរយៈទេសចរណ៍ធម្មជាតិ ស្របតាមគោលដៅចម្បងនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលកសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង៥ ក្នុងនោះភាពធន់នៃវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទទាក់ទង