Close

លោក Zelensky ប្រកាសប្តូរក្បាលម៉ាស៊ីនក្រសួងការពារជាតិសង្ឃឹមទទួលបានលទ្ធផលថ្មីៗ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Zelensky ប្រកាសប្តូរក្បាលម៉ាស៊ីនក្រសួងការពារជាតិសង្ឃឹមទទួលបានលទ្ធផលថ្មីៗ លោក Zelensky ប្រកាសប្តូរក្បាលម៉ាស៊ីនក្រសួងការពារជាតិសង្ឃឹមទទួលបានលទ្ធផលថ្មីៗ

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការប្រកាសទាំងគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យម្សិលមិញថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Oleksii Reznikov នឹងត្រូវចុះចេញពីតំណែងហើយជំនួសមកវិញភ្លាមដោយលោក Rustem Umerov ដែលកំពុងដឹកនាំមូលនិធីដ៏សំខាន់មួយរបស់រដ្ឋាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៍ទាំងយប់ លោក Zelensky បានបញ្ជាក់បែបនេះថា៖វាគឺជាពេលវេលាដ៏សមរម្យមួយហើយក្នុងការស្វែងរកយុទ្ធសាស្ត្រថ្មី និងរបៀបធ្វើការថ្មីនៅក្នុងក្រសួងការពារជាតិរបស់អ៊ុយក្រែន។

លោកបន្តថា ៖ ខ្ញុំជឿជាក់ថាក្រសួងការពារជាតិត្រូវការទំរង់ធ្វើការនិងរបៀបនៃការឆ្លើយតបថ្មីៗដែលវានឹងអាចជួយឲ្យយើងទទួលបានលទ្ធផលល្អប្រសើរជាងមុនទាំងនៅក្នុងវិស័យយោធានិងវិស័យសង្គមកិច្ចទាំងមូល។

គួរឲ្យដឹងដែរថា លោក Rezinkov គឺជារដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិរបស់អ៊ុយក្រែនតាំងតែពីយូរមកហើយពោលគឺមុនប្រតិបត្តិការពិសេសដោយយោធាពីសំណាក់ប្រទេសរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះហើយយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកជាច្រើនជឿជាក់ថាបុរសវ័យ៥៧ឆ្នាំរូបនេះនឹងអាចទទួលបានតំណែងថ្មីជាអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅក្នុងទីក្រុងឡុងដែលជាប្រទេសរូបលោកផ្ទាល់តែងតែមានទំនាក់ទំនងល្អជាងគេបំផុតទាំងកិច្ចការងារស៊ីវិល និងនយោបាយ។

ការបណ្តេញចេញពីតំណែងរបស់លោក Rezikov នេះត្រូវបានគេមើលឃើញថាកើតឡើងចំពេលមានការជំរុញការដោះស្រាយនិងប្រតិបត្តិការប្រឆាំងអំពើពុករលួយកាន់តែច្រើនឡើងនៅក្នុងរដ្ឋបាលរបស់លោក Zelensky ដែលជាផ្នែកដ៏មានសារៈសំខាន់បំផុតចំពោះផែនការអ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាអឺរ៉ុបឬហៅកាត់ថា EU ។

យោងតាមសន្ទស្សន៍អំពីបញ្ហាអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ ឬ The Transparency International បានបង្ហាញថាអ៊ុយក្រែនជាប់ចំណាត់ថ្នាក់ទី ១១៦ក្នុងចំណោមប្រទេស១៨០ក្នុងបញ្ជី ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យចំណាត់ថ្នាក់របស់ប្រទេសមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់៕

អត្ថបទទាក់ទង