កូរ៉េខាងជើងធ្វើសមយុទ្ធយោធាក្នុងទំរង់ប្រើប្រាស់គ្រាប់នុយក្លេអ៊ែរប្រភេទតាកទិក (Tactical Nuclear)
បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានចេញផ្សាយថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមធ្វើសមយុទ្ធវាយប្រហារបែបនុយក្លេអ៊ែរប្រភេទតាកទិក ឬ Tactical Nuclear ដែលក្នុងនោះគេសង្កេតឃើញមានរួមមានទាំងការបាញ់គ្រាប់ពិត គឺមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន២គ្រាប់ផងដែរ។
ប្រភពដដែលបានបន្ថែមថា សមយុទ្ធនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីព្រមានសត្រូវនិង ដើម្បីអាចឲ្យប្រទេសកូរ៉េខាងជើងអាចរៀបចំខ្លួនទុកជាមុនក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងក្នុងពេលណាមួយ។
ទោះបីជាយ៉ាងណាក្តី KCNA បានអះអាងថា សមយុទ្ធនេះត្រូវបានដំណើរការឡើងដោយជោគជ័យតាំងតែពីពីថ្ងៃសៅរ៍ មកម្ល៉េះនៅពេលដែលមីស៊ីលប្រភេទ Cruise Missile ចំនួន២គ្រឿងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានបាញ់ចេញសំដៅសមុទ្រខាងលិចនៃឧបទ្វីបកូរ៉េ។
ក្រោយហេតុការណ៍នេះ យោធាកូរ៉េខាងត្បូងបាននិយាយថា ការអះអាងដោយកូរ៉េខាងជើងក្នុងការការបាញ់មីស៊ីលបានជោគជ័យទាំងអស់នោះអាចត្រឹមតែជាការបំផ្លើសមួយប៉ុណ្ណោះ ខណៈដែល មីស៊ីលមួយគ្រាប់អាចប្រហែលជាធ្វើមិនបានសម្រេចទេនេះបើយោងតាមការដកស្រង់សម្តីពីសំណាក់មន្ត្រីជាន់ខ្ពស់ម្នាក់នៅអគ្គសេនាធិការចម្រុះម្នាក់របស់កូរ៉េខាងត្បូង។
គួរឲ្យដឹងដែរថា ការបាញ់សាកល្បងមីស៊ីលចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីសមយុទ្ធប្រចាំឆ្នាំរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ប៉ុន្មានថ្ងៃមុននេះ។
កូរ៉េខាងជើងបាន និងកំពុងបង្កើនការរារាំងយោធារបស់ខ្លួនប្រឆាំងនឹងក្រុងវ៉ាស៊ីនតោននិងសេអ៊ូលហើយព្រមទាំងបានធ្វើការរិះគន់កិច្ចព្រមព្រៀងកិច្ចប្រជុំកំពូលកាលពីខែមុនផងរវាងសម្ព័ន្ធមិត្តទាំងពីរជាពិសេសទៅលើកិច្ចការងារកែលម្អកិច្ចសហប្រតិបត្តិការយោធារវាងគ្នា។
Tactical Nuclear ឬ គ្រាប់នុយក្លេអ៊ែរបែបតាកតិកនេះគឺជាប្រភេទនុយក្លេអ៊ែរដែលមានកម្លាំងខ្សោយជាងគ្រាប់នុយក្លេអ៊ែរប្រភេទ Strategic nuclear ដែលប្រភេទទាំងពីរនេះអាចមាននៅក្នុងស្តុកមហាអំណាចមួយចំនួនដូចជាអាមេរិក រុស្ស៊ី ចិន និងកូរ៉េខាងជើងផងដែរ៕