ក្រសួងបរិស្ថានប្រកាសបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកនៅតាមគ្រឹះស្ថានអប់រំ
ក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមគ្រឹះស្ថានអប់រំ ពោលគឺបណ្ដុះនូវទម្លាប់កាត់បន្ថយប្លាស្ទីកជាមួយសិស្សានុសិស្ស នៅតាមសាលារៀន។
តាមរយៈយុទ្ធនាការថ្មីនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសចាប់ផ្តើម ការអនុវត្តពីថ្ងៃទី០១ ខែកញ្ញាតទៅ ដោយផ្តើមដំបូងនៅតាមសាលារៀនចំនួន ៤៤ កន្លែង នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានសិស្សសរុបជាង១៨០០០នាក់។
ក្នុងឱកាសបើកយុទ្ធនាការនេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានថ្លែងអំណរគុណលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា ជាពិសេសសិស្សនានុសិស្ស នៅអនុវិទ្យាល័យ ហ៊ុន សែន ទួលសុភី ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រកាសប្តេជ្ញាចិត្តចូលរួម ក្នុងយុទ្ធនាការនេះ និង បានសន្យាមិនប្រើថង់ប្លាស្ទិកជាដាច់ខាត។
គួរឱ្យដឹងថា កំណើនប្រជាជន និងការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ បានរុញឱ្យបរិមាណសំណល់មានការកើនឡើងយ៉ាងខ្លាំង។ នៅរាជធានីភ្នំពេញ សំណល់សំរាមជាង ៣ ៥០០ តោន ត្រូវបានបង្កើតឡើង ជារៀងរាល់ថ្ងៃ ដែលក្នុងនោះ ២០% ជាប្លាស្ទិក។ ក្នុងការគ្រប់គ្រងសំណល់រឹងនេះផងដែរ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគី ព្រោះថា សំរាមគឺជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា។
យ៉ាងណាមិញ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ បានអនុវត្តការលើកកម្ពស់វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ពីវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានបង្កើតច្បាប់បទដ្ឋានគតិយុត្ដជាច្រើន ក្នុងនោះក្រមបរិស្ថាន បានប្រកាសឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ ដែលមានវិសាលភាពគ្របដណ្ដប់ លើការងារពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយការធ្វើសមាហរណកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធដែលមានស្រាប់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ដែលស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក កាលពីឆ្នាំ២០១៧ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាព។
ម្លោះហើយ ជាការចាប់ផ្ដើមក្នុងការដើរទៅរកបរិស្ថានដែលគ្មានប្លាស្ទិក ក្រសួងបរិស្ថាននៅតែបន្ត លើកទឹកចិត្តចំពោះការចូលរួមឱ្យបានកាន់តែផុសផុលពីប្រជាពលរដ្ឋកម្ពុជាគ្រប់លំដាប់ថ្នាក់ និងដែលជាពិសេសចាប់ផ្ដើមពីសិស្សានុសិស្សតាមគ្រិះស្ថានអប់រំទៅ ខណៈដែលពួកគេជាធនធាន មនុស្សដ៏សំខាន់សម្រាប់សង្គមជាតិ៕