ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បានជាង៣៥% ហើយ
កោះកុង ៖ គិតត្រឹមថ្ងៃទី៣១ ខែសីហា នេះ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បានប្រមាណ ៣៥%ហើយ។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមក្រសួង តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។
ក្រសួងបន្ថែមថា ភាពយឺតយ៉ាវនេះបណ្តាលមកពីកត្តាភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែមទំហំការងារមួយចំនួន។
ជាការឆ្លើយតប ទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។
ជុំវិញបញ្ហានេះ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានក្រើនរលឹកដល់
ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវអនុវត្តការងារសាងសង់គម្រោងឱ្យបានចប់រួចរាល់ តាមផែនការដែលបានស្នើសុំ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានចុះសិក្សាពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ និងគម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ដែលមានប្រវែងប្រមាណ ១៩០០ម៉ែត្រផងដែរ៕