Close

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ នៅខែវិច្ឆិកាខាងមុខរំពឹងថានឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់យុវជន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ នៅខែវិច្ឆិកាខាងមុខរំពឹងថានឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់យុវជន ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ នៅខែវិច្ឆិកាខាងមុខរំពឹងថានឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់យុវជន

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។

ពិព័រណ៍ការងារថ្នាក់ជាតិដ៏ធំនេះ នឹងអាចទាក់ទាញ និងកៀរគរអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងនំាមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីឈ្មោះ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋាភិបាល ចូលរួមដាក់តាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង២ម៉ឺនកន្លែង ដែលនឹងចូលរួមតាំងបង្ហាញអំពី  តម្រូវការជ្រើសរើសកម្លាំងពលកម្ម មគ្គទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារព្រមទាំងឱកាសបណ្តុះបណ្តាលជំនាញ។

ទន្ទឹមនឹងនេះ កម្មវិធីនេះក៏នឹងមានរួមបញ្ចូលនូវសិក្ខាសាលាស្តីពីផលិតភាពថ្នាក់ជាតិក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹងផលិតភាព តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាពការងារ។

សម្រាប់ក្រុមហ៊ុន សហគ្រាស ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងមានបំណងតាំងបង្ហាញអំពីឱកាសការងារដើម្បីទាក់ទាញបេក្ខជនដែលមានសក្តានុពលជាច្រើនដែលនឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនេះ សូមរួសរាន់ទាក់ទងមក NEA ដើម្បីកក់បញ្ជរឥឡូវនេះ តាមរយៈលេខទូរស័ព្ទ 017 467 423, 017 871 807, 096 2155 162។

សូមជម្រាបថាគិតចាប់តាំងពីឆ្នាំ២០១១ មក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនចំនួន១២លើករួចមកហើយ ប្រកបដោយភាពជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងដល់ការអភិវឌ្ឍទីផ្សារការងារកម្ពុជា។ ជាការរំពឹងទុក ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នឹងមានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ដោយនាំយកឱកាសការងារប្រមាណជាងប្រមាណ ២០ ០០០កន្លែង ហើយនឹងទាក់ទាញ អ្នកចូលរួមទស្សនាប្រមាណ ៣០ ០០០នាក់៕

អត្ថបទទាក់ទង