Close

អាជ្ញាធររាជធានីភ្នំពេញគ្រោងស្នើទៅរាជរដ្ឋាភិបាលជាកញ្ចប់ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញគ្រោងស្នើទៅរាជរដ្ឋាភិបាលជាកញ្ចប់ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង អាជ្ញាធររាជធានីភ្នំពេញគ្រោងស្នើទៅរាជរដ្ឋាភិបាលជាកញ្ចប់ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ សម្រាប់ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញអាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងឱ្យបានយូរអង្វែង។

នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាទីប្រឹក្សាផ្ទាល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំឡុងពេលឯកឧត្ដមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នាសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមកប្រជុំពិភាក្សានៅពេលនេះ គឺដើម្បីរៀបចំផែនការបន្ត លើការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង ឱ្យបានយូរអង្វែង។

ឯកឧត្ដម ឃួង ស្រេង បានជំរុញអោយធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី ១៥ ទៅ ២០ ឆ្នាំ។ ពាក់ព័ន្ធនឹងការងារនេះរាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់នៅសន្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយអោយបានល្អ ជៀសវាងអោយបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថាបើលិចរោងចក្រ សហគ្រាសនោះ វានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទៀមទារអោយយើងត្រូវរួមគ្នាដោះស្រាយអោយបានល្អ។

ឯកឧត្ដមបញ្ជាក់ថា ក្រោយកិច្ចប្រជុំរកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងអាចរៀបចំជាគម្រោងធំមួយ ផ្ញើរទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះឱ្យបានល្អ ដែលអាចកាត់បន្ថយកាលិចលង់បានពី ១៥ ទៅ ២០ ឆ្នាំ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងដោយគិតមកដល់ពេលនេះ យើងស្ថាបនាប្រព័ន្ធលូបានជាង ៩២៤ គីឡូម៉ែត្រ យើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះយើងបានដោះស្រាយបញ្ហាលិចលង់នេះបាន ៣២ កន្លែងរួចហើយ ហើយនៅពេលថ្មីនេះទៀត យើងដោះស្រាយបាន ៧កន្លែងថ្មីទៀតផងដែរ៕

អត្ថបទទាក់ទង