រុស្ស៊ី ចេញបកស្រាយ និងពន្យល់បន្ថែមអំពីផែនការនៃកម្មវិធីនុយក្លេអ៊ែរ
បរទេស ៖ មន្ត្រីការទូតរុស្ស៊ីតំណាងឲ្យរុស្ស៊ីនៅអង្គការសហប្រជាជាតិ លោក Dmitry Glukhov បានធ្វើការថ្លែងការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារដើម្បីពន្យល់បកស្រាយ និងឆ្លើយតបនឹងការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនថា រុស្ស៊ីកំពុងគំរាមកំហែងពិភពលោកសាជាថ្មីចំពោះការប្រើប្រាស់គ្រាប់បែកប្រល័យលោកនុយក្លេអ៊ែរ។
លោក Glukhov បានពន្យល់ចំៗទៅលើអ្វីដែលជាការលើកឡើងដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលធ្វើឡើងតាំងតែពីដើមឆ្នាំនោះមកថារដ្ឋាភិបាលក្រុងមូស្គូនឹងអាចសម្រេចចិត្តក្នុងការចាប់ផ្តើមធ្វើតេស្តសាកល្បងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ប៉ុន្តែអ្វីៗគឺអាស្រ័យតែទៅលើសកម្មភាពដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកប៉ុណ្ណោះ។
ថ្មីៗនេះអនុរដ្ឋលេខាធិកាអាមេរិក លោក Bonnie Jenkins ទទួលបន្ទុកកិច្ចការងារត្រួតពិនិត្យអាវុធ និងកិច្ចការងារសន្តិសុខជាតិអន្តរជាតិបានចោទប្រកាន់ថាសេចក្តីថ្លែងការណ៍របស់លោក Putin ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរកាលពីដើមឆ្នាំកន្លងមកនោះគឺជាការគំរាមកំហែងរបស់រុស្ស៊ីក្នុងការសាកល្បងឬប្រើប្រាស់អាវុធប្រល័យលោកនេះឡើងវិញ។
ទោះបីជាយ៉ាងណាក្តី លោក Glukhov បានពោលថា ៖ ខ្ញុំចង់បញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើដោយប្រធានាធិបតីរុស្ស៊ីអំពីលទ្ធភាពក្នុងការចាប់ផ្តើមសាកល្បងនុយក្លេអ៊ែរឡើងវិញដែលបានធ្វើឡើងក្នុងអំឡុងសុន្ទរកថារបស់គាត់ទៅកាន់ស្ថាប័ននីតិប្បញ្ញត្តិសហព័ន្ធគឺនឹងស្ថិតនៅក្នុងបរិបទនៃការឆ្លើយតបរបស់រុស្សីចំពោះសកម្មភាពបំពាន និងបង្កហេតុដោយសហរដ្ឋអាមេរិកនោះទេ។
មន្ត្រីកាទូតជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ៖ រុស្ស៊ីនឹងធ្វើការពិចារណាដើម្បីធ្វើការងារនេះលុះត្រាណាតែអាមេរិកនឹងចាប់ផ្តើមធ្វើរឿងនេះមុនប៉ុណ្ណោះ។
រំលឹកថាកាលពីអំឡុងពេលថ្លែងសុន្ទរកថាក្នុងខែកុម្ភៈលោក Putin បានបញ្ជាក់ប្រាប់ទៅកាន់សមាជិកសភារុស្ស៊ីថា ទីក្រុងមូស្គូបានទទួលព័ត៌មានពីចារកម្មរបស់ខ្លួនថាអាមេរិកកំពុងរៀបចំសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរសាជាថ្មី ដូចនេះលោកក៏បានចេញបញ្ជាឲ្យទីភ្នាក់ងារជាតិអាតូមិកRosatom និងក្រសួងការពារជាតិរុស្ស៊ីដើម្បីត្រៀមខ្លួនដូចគ្នាសម្រាប់ការសាកល្បងឡើងវិញដែរ ប្រសិនបើអាមេរិកពិតជានឹងធ្វើដូច្នេះមែន៕