Close

កម្ពុជាដាក់ឱ្យប្រើប្រាស់ស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដាកិច្ចសន្យាឥណទាន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជាដាក់ឱ្យប្រើប្រាស់ស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដាកិច្ចសន្យាឥណទាន កម្ពុជាដាក់ឱ្យប្រើប្រាស់ស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដាកិច្ចសន្យាឥណទាន

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទានសម្រាប់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីពង្រឹងការការពារ អតិថិជន និងតម្លាភាពវិស័យធនាគារនិងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី ៣០ ខែសីហានេះ ឱ្យដឹងថាកម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក. ប.ប.) អ្នកចូលរួមមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភ្ញៀវកិត្តិយសមកពីស្ថាប័នពាក់ព័ន្ធផ្សេងទៀតប្រមាណ ៣០០ នាក់។

សេចក្តីប្រកាសព័ត៌មាននេះ បញ្ជាក់ថា ស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនតម្លាភាព និង កិច្ចការពារអតិថិជន វិសាលភាពស្តង់ដាកិច្ចសន្យាឥណទាន និងខូចែងស្ដង់ដាកិច្ចសន្យាឥណទាននេះអនុវត្តចំពោះ ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ។

ប្រភពដដែលនេះបន្តថា ស្តង់ដាកិច្ចសន្យារឥណទាន និងខចែងស្តង់ដាកិច្ចសន្យា ឥណទាន នឹងត្រូវអនុវត្តតែចំពោះការផ្តល់ឥណទានថ្មី ឬអតិថិជនថ្មី ហើយនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។ ចំពោះទំហំប្រាក់កម្ចី/ឥណទានដែលមានទំហំតូចជាង ឬស្មើ ៥០.០០០ដុល្លារ (ប្រាំម៉ឺន ដុល្លារអាមេរិក) គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ តម្រូវឱ្យប្រើទម្រង់ និងលក្ខខណ្ឌដូចគ្នា នៃស្តង់ដាកិច្ចសន្យា ឥណទាន ដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ស្តង់ដាកិច្ចសន្យាឥណទាន ដែលប្រើទម្រង់ និងលក្ខខណ្ឌដូចគ្នា ចែកចេញជាបួនប្រភេទរួមមាន៖ ១/. ស្តង់ដាកិច្ចសន្យាខ្ចីមានទ្រព្យធានា ២. ស្ដង់ដា កិច្ចសន្យាខ្ចីគ្មានទ្រព្យធានា ៣/. កិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុចលនវត្ថុ ៤/. ស្តង់ដាកិច្ចសន្យាឥណទានជាក្រុម។

ដោយឡែកចំពោះឥណទានធំជាង ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ) ដល់ ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារ) គ្រប់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ត្រូវដាក់បញ្ចូលខចែងស្តង់ដាកិច្ចសន្យាដែលចេញដោយសមាគមធនាគារនៅ កម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទៅក្នុងកិច្ចសន្យាឥណទានរបស់ខ្លួន។ ស្តង់ដានេះមិនអនុវត្តចំពោះឥណទាន លើសពី ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារ) ឡើយ។

ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យានេះត្រូវបានបង្កើតឡើងដោយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងដោយមានការត្រួតពិនិត្យពីអ្នកច្បាប់ឯក រាជ្យផងដែរ សំដៅលើកកម្ពស់តម្លាភាព និងកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងរក្សាការប្រកួតប្រជែងដោយស្មើភាពនៅក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ។

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង ៣០០នាក់ក្នុងឱកាសដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ ដាកិច្ចសន្យាឥណទាននេះ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានកោតសរសើរ និងអប អរសាទរចំពោះក្រុមការងារធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ ព័ន្ធ ដែលបានសហការរៀបចំស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនា គារ និងហិរញ្ញវត្ថុនេះឡើង។ ការណ៍នេះគឺជា សមិទ្ធផលមួយថ្មីបន្ថែមទៀតក្នុងការចូលរួមចំណែកកិច្ចការពារអតិថិជន ក៏ ដូចជាបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកជំទាវបណ្ឌិតអគ្គទេសាភិបាល បានបន្ថែមថា ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាការចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល។

លោកជំទាវអគ្គទេសាភិបាលបានបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមធនា គារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការជំរុញ និងគាំទ្រដល់សេចក្តីណែនាំស្តីពីការ អនុវត្តស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដានៃកិច្ចសន្យាឥណទាន ដែលជាការបង្ហាញនូវការចូលរួមចំណែក ជាមួយធនាគារជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងការងារគាំទ្រកិច្ចការពារអតិថិជន ក៏ដូចជាពង្រឹងបរិយាបន្នហិរញ្ញ វត្ថុនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការផ្តល់សេវាប្រកបដោយការទទួលការទទួលខុសត្រូវ និងការប្រកួតប្រជែង ប្រកបដោយក្រមសីលធម៌»។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ស្ដង់ដាកិច្ចសន្យាឥណទានរួម និង ខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុនេះ ត្រូវបានបង្កើតឡើងដើម្បីជួយឱ្យ សមាជិកទាំងអស់មានទម្រង់ស្ដង់ដាកិច្ចសន្យារួម និង ខចែងស្ដង់ដាកិច្ចសន្យាឥណទាន ដែលស្របតាមលក្ខខណ្ឌតម្រូវនៃ ប្រកាសស្តីពីខសន្យាមិនសុចរិត និង ស្មារតីនៃច្បាប់ស្តីពីការការពារអតិថិជន ។ លោកបន្តថា ស្តង់ដាកិច្ចសន្យាឥណទានត្រូវបានដាក់បញ្ចូលទៅក្នុងស្តង់ដាកិច្ចសន្យាឥណទាន និង ខែចែងស្ដង់ដានៃកិច្ចសន្យាឥណទានរួមដែរ ។ សមាគមនឹង ដាក់ចេញនូវក្របខណ្ឌគ្រប់គ្រងបណ្តឹងអតិថិជនក្នុងក្របខណ្ឌសមាគមនាពេលខាងមុខហើយអង្គភាពការពារអតិថិជន សម្រាប់វិស័យធនាគារ និង ហិរញ្ញវត្ថុ (Financial Client Center) ក៏នឹងត្រូវបង្កើតជាបន្តបន្ទាប់ ។

លោកសោភ័ណគូសបញ្ជាក់ថា៖«សមិទ្ធផលដែលកើតចេញពីកិច្ចសហការរវាងសមាជិកទាំងអស់និងពីការគាំទ្រពីធនា គារជាតិនៃកម្ពុជា បាននឹងចូលរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធធនាគារ និង ការបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជា ពលរដ្ឋ វិនិយោគិន និង ដៃគូពាក់ព័ន្ធនានា មកលើប្រព័ន្ធធនាគារ»។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ស្តង់ដាកិច្ចសន្យាឥណទាន និង ខចែងស្ដង់ដាកិច្ចសន្យាឥណទាននេះមានសារៈសំខាន់ទាំងចំពោះអតិថិជន និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ដោយសារវានឹងជួយរក្សាបាននូវនិរន្តរភាពសម្រាប់វិស័យទាំងមូល។

លោក សុខ វឿន បានមានប្រសាសន៍ថា៖ «ស្ដង់ដា កិច្ចសន្យាឥណទាននិងខែចងស្ដង់ដាកិច្ចសន្យាឥណទាននេះ នឹងផ្ដល់ភាពងាយស្រួលដល់អតិថិជន ដោយសារវាមាន តម្លាភាព ខ្លី និងមានខ្លឹមសារដូចគ្នាទាំងអស់សម្រាប់កិច្ចសន្យាកម្ចីក្រោម ៥ម៉ឺនដុល្លារដែលចេញដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ការណ៍នេះនឹងធានា បានកិច្ចការពារអតិថិជន និងប្រកួតប្រជែងដោយស្មើភាពគ្នាក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ ព្រោះវាជាស្តង់ដាអប្បបរមា ដូច្នេះរក្សា បាននូវនិរន្តរភាពរបស់វិស័យ»៕

អត្ថបទទាក់ទង