Close

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការឡើងថ្លៃនៃស្រូវអង្ករមិនប៉ះពាល់ដល់សន្តិសុខស្បៀងនោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការឡើងថ្លៃនៃស្រូវអង្ករមិនប៉ះពាល់ដល់សន្តិសុខស្បៀងនោះទេ អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការឡើងថ្លៃនៃស្រូវអង្ករមិនប៉ះពាល់ដល់សន្តិសុខស្បៀងនោះទេ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា តម្លៃស្រូវនៅកម្ពុជា​បានហក់​ឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី៧ ខែសីហា តម្លៃស្រូវ​បានកើនឡើងចន្លោះពី ១២០០រៀលដល់ ១៣០០រៀល ក្នុងមួយគីឡូក្រាម។

ការហក់ឡើងនៃតម្លៃស្រូវ អង្ករនេះបានបង្កជាការកត់សម្គាល់មួយ ខណៈដែលនេះជាតម្លៃខ្ពស់មួយក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។ វាក៏បានបង្កជាការព្រួយបារម្ភដល់ប្រជាជន ចំពោះអស្ថេរភាពនៃសន្តិ សុខស្បៀងក្នុងប្រទេស ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះបញ្ហាផង។

ប៉ុន្តែយ៉ាងណា អ្នកនាំពាក្យក្រសួងកសិកម្មនាពេលថ្មីៗនេះបានអះអាងថា ការឡើងថ្លៃនៃស្រូវ អង្ករក្នុងរយៈពេលចុងក្រោយនេះ នៅមិនតាន់អាចបង្កជាបញ្ហាប្រឈម ឬហានិភ័យណាមួយដល់ សន្តិសុខស្បៀងនៅកម្ពុជានោះទេ។

ជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបានបន្តឱ្យដឹងថា៖ «នៅក្រសួង យើងមានយន្ដការ ច្បាស់លាស់នៅក្នុងការធ្វើ Projection ការតាមដាន អង្កេត និងវិភាគរវាងទិន្នផលស្រូវដែលប្រមូល បាន និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ»។

អ្នកនាំពាក្យរូបនេះបន្តថា យន្ដការនេះដាក់ចេញដើម្បីធានា ធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ​ស្បៀង ជាពិសេសគឺរក្សា​ស្ថេរភាពតម្លៃអង្ករនៅលើទីផ្សារក្នុងស្រុក។ ជាការពិតហើយថានៅ​ពេលឡើងថ្លៃ អង្ករក៏ត្រូវឡើងថ្លៃដោយជៀសពុំរួច ប៉ុន្តែបើពិនិត្យមើលពីតម្លៃវិញ ក្រសួងសង្កេត​ឃើញថា ការឡើងថ្លៃនេះវាស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយក្រសួងនឹងបន្តតាមដាន​យ៉ាងយកចិត្តទុកដាក់បន្តទៀត។

ជំទាវ អ៊ឹម រចនា បានបញ្ជាក់ទៀតថា៖ «ការឡើងថ្លៃអង្ករនៅលើទីផ្សារនេះ វាជាទីផ្សារសកល មិនមែនកើតមានតែនៅកម្ពុជាទេ មានន័យថាប្រទេសផ្សេងទៀតក៏ជួបប្រទះបញ្ហានេះដូចគ្នាដែរ»។

កាលពីដើមខែសីហាកន្លងទៅនេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្ននេះតម្លៃស្រូវកើនឡើង និងជំរុញឱ្យតម្លៃអង្ករនៅលើទីផ្សារកើន​ឡើងក៏ដោយ ​ប៉ុន្តែ​មិនមែនស្ថិតក្នុងស្ថានភាពដែលគួរឱ្យព្រួយបារម្ភ​ខ្លាំងនោះទេ ដោយនេះគឺជាចរន្ត​នៃ​ការប្រែប្រួលថ្លៃទៅតាមតម្រូវការ និងការផ្គត់ផ្គង់ប៉ុណ្ណោះ។

ឯកឧត្តមបន្តថា ប្រសិនបើអង្ករឡើងថ្លៃ ដល់កម្រិតមួយដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក្រសួង ពាណិជ្ជកម្មដែលមានក្រុមហ៊ុន ហ្រ្គីនត្រេដ​ ​ដែលជាសហគ្រាសទទួលបន្ទុកគ្រប់គ្រងសន្និធិ​ស្បៀង​ត្រៀម​បម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នឹងមានវិធានការសមស្របទៅតាមករណី​ឡើងថ្លៃ​ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ មិនទាន់ដល់ដំណាក់កាលដែលត្រូវអនុវត្តនៅឡើយទេ។

អ្នកនាំពាក្យរូបនេះនៅតែអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានការភិតភ័យ ព្រួយបារម្ភ ខ្លាំងពេក​​ ដែលអាចនាំឱ្យខាតប្រយោជន៍ជាតិទៅវិញ៕

អត្ថបទទាក់ទង